
ការប្រកួតវាយសី កម្មវិធី Indonesia Open 2025 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយបានប្រព្រឹត្តិទៅនាទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងការប្រកួតជុំទី១នោះដែរ កីឡាករសឹង្ហបុរី Loh Kean Yew បានទទួលជ័យជំនះទៅលើកីឡាករឥណ្ឌា Kiran George តាមរយៈលទ្ធផល 22-20 និង 21-9។
កីឡាករ Loh Kean Yew នឹងបន្តឡើងជុំទី២ជួបកីឡាករបារាំង Alex Lanier ដែលបានយកឈ្នះកីឡាករចិន Weng Hongyang។
រីឯកីឡាករតៃវ៉ាន់ Lee Chia-hao បានយកឈ្នះទៅលើកីឡាករចិន Lu Guangzu នៅក្នុងការប្រកួតជុំទី១ នេះដែរ ដោយលទ្ធផល 22-20 24-26 និង 21-13។
កីឡាករ Lee Chia-hao នឹងបន្តឡើងជុំទី២ជួបកីឡាករថៃ Kunlavut Vitidsarn ដែលបានយកឈ្នះកីឡាករតៃវ៉ាន់ Wang Tzu-wei។
ងាកទៅកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីជប៉ុន Tomoka Miyazaki បានយកឈ្នះកីឡាការិនី កាណាដា Michelle Li នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 19-21 21-14 និង 25-23 ដើម្បីឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីចិន Gao Fangjie ដែលបានទម្លាក់កីឡាការិនីអ៊ុយក្រែន Polina Buhrova។
សូមបញ្ជាក់ថា ការប្រកួតវាយសី កម្មវិធី Indonesia Open 2025 គឺជាការដំណើរការលើកទី១៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ ៨ ខែមិថុនា ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ១លាន ៤សែនដុល្លារ៕