×

កីឡាការិនីការពារជើងឯក Chen Yufei ឡើងដល់វគ្គ៨នាក់ចុងក្រោយការប្រកួតវាយសី កម្មវិធី Indonesia Open 2025

កីឡាការិនីចិន Chen Yufei នឹងជាម្ចាស់ការពារតំណែងជើងឯកនៃការប្រកួតវាយសី កម្មវិធី Indonesia Open បានបន្តឈានដល់វគ្គ៨នាក់ចុងក្រោយហើយ ដោយការប្រកួតធ្វើឡើងនាទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

ជាក់ស្តែង ការឡើងមកនេះបន្ទាប់ពីនារីវ័យ២៧ឆ្នាំ បានយកឈ្នះកីឡាការិនីជប៉ុន Natsuki Nidaira នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 21-9 និង 21-14។

កីឡាការិនី Chen Yufei នឹងឡើងមកជួបកីឡាការិនីជនជាតិចិនដូចគ្នា គឺកីឡាការិនី Han Yue ដែលបានទម្លាក់កីឡាការិនីតៃវ៉ាន់ Lin Hsiang-ti។

ការប្រកួត១គូទៀតគឺកីឡាការិនី ជប៉ុន Akane Yamaguchi បានយកឈ្នះកីឡាការិនីតៃវ៉ាន់ Sung Shuo-yun នៅក្នុងការប្រកួតជុំទី២ដោយលទ្ធផល 21-12 និង 21-17។

កីឡាការិនី Akane Yamaguchi នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយជួបកីឡាការិនីម្ចាស់ផ្ទះ Putri Kusuma Wardani ដែលបានទម្លាក់កីឡាការិនីថៃ Supanida Katethong។

ងាកមកកាន់ការប្រកួតខាងផ្នែកបុរសវិញ កីឡាករដែលកំពុងឈរលេខ២ពិភពលោក គឺកីឡាករចិន Shi Yuqi បានយកឈ្នះកីឡាករជប៉ុន Yushi Tanaka នៅក្នុងការប្រកួតជុំទី២ដោយលទ្ធផល 21-14 និង 21-7។

កីឡាករ Shi Yuqi នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយជួបកីឡាករជនជាតិចិនដូចគ្នាគឺកីឡាករ Wang Zhengxing ដែលបានទម្លាក់កីឡាករន័រវេស Rasmus Gemke៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង