×

Lionel Messi និង Luis Suarez សហការគ្នាបង្កើតក្លិបបាល់ទាត់ថ្មីមួយ នៅប្រទេសអ៊ុយរូហ្គាយ

មានការរាយការណ៍អោយដឹងថាខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez បានសហការគ្នាបង្កើតក្លិបបាល់ទាត់ថ្មីមួយមានឈ្មោះថា Deportivo LSM ដែលមានមូលដ្ឋាននៅប្រទេសអ៊ុយរូហ្គាយ។

Luis Suarez បានប្រកាសតាមរយៈបណ្តាញសង្គម Instagram ថា ក្លិបដែលពីមុនត្រូវបានគេស្គាល់ថា Deportivo LS ត្រូវបានប្តូរឈ្មោះជាផ្លូវការទៅជា Deportivo LSM ហើយនឹងប្រកួតប្រជែង ក្នុងក្របខណ្ឌ Division D កម្រិតទី ៤ ក្រោមសហព័ន្ធបាល់ទាត់ អ៊ុយរូហ្គាយ AUF ។

Suarez បាននិយាយថា យើងមានសមាជិកជាង ៣,000 នាក់ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងអ្នកជំនាញជាង ៨០ នាក់ ដែលធ្វើការជារៀងរាល់ថ្ងៃ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារ និងក្មេងជំទង់ ។

រីឯ Lionel Messi ជាមិត្តដ៏យូរអង្វែងរបស់ Luis Suarez និងជាអតីតមិត្តរួមក្រុមនៅ Barcelona ហើយបច្ចុប្បន្នកំពុងលេងរួមគ្នានៅ Inter Miami ទៀតនោះ បានបង្ហាញពីក្តីរំភើប ចំពោះការចូលរួមក្នុងគម្រោងនេះ ហើយបានសន្យាថានឹងរួមចំណែកដល់ការអភិវឌ្ឍន៍ក្លិប។

មូលដ្ឋានគ្រឹះសម្រាប់ក្លិប Deportivo LSM នេះត្រូវបានដាក់នៅឆ្នាំ ២០១៨ នៅពេលគ្រួសារ Luis Suarez បានបើកកន្លែងកីឡាទំហំ ៨ ហិកតានៅតំបន់ Ciudad de la Costa ជាយក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ។ ទីតាំងនេះរួមមានកីឡដ្ឋានស្មៅសិប្បនិម្មិត កន្លែងហ្វឹកហាត់ជាច្រើន និងកម្មវិធីសម្រាប់មូលដ្ឋានសមាជិកភាព ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង