
កីឡាករបារាំង Sebastien Ogier បានទទួលជ័យជំនះនៅក្នុងការប្រណាំងរថយន្ត កម្មវិធី Rally Italia Sardegna ដែលធ្វើឡើងនាតំបន់ Olbia Cabu Abbas ប្រទេសអ៊ីតាលី។
ការប្រកួតមានចម្ងាយផ្លូវប្រមាណ ៣២០,២៤ គីឡូម៉ែត្រ ដោយក្នុងនោះ Sebastien Ogier កាន់ចង្កូតអោយក្រុម Toyota Gazoo Racing បានបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់ ៣ម៉ោង ៣៤នាទី និង ២៤វិនាទី ចុច៥។
កីឡាករអេស្តូនី Ott Tanak កាន់ចង្កូតអោយក្រុម Hyundai Shell Mobis បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ យឺតជាងអ្នកលេខ១ ៧វិនាទី ចុច៩ ហើយកីឡាករហ្វាំងឡង់ Kalle Rovanpera កាន់ចង្កូតអោយក្រុម Toyota Gazoo Racing បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង អ្នកលេខ១ ៥០វិនាទី ចុច៥។
ងាកទៅតារាងពិន្ទុសរុបវិញ កីឡាករអង់គ្លេស Elfyn Evans កំពុងឈរកំពូលតារាង មាន ១៣៣ពិន្ទុ កីឡាករបារាំង Sébastien Ogier នៅលេខ២ មាន ១១៤ពិន្ទុ ហើយកីឡាករ ហ្វាំងឡង់ Kalle Rovanperä នៅលេខ៣ មាន ១១៣ពិន្ទុ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្តកម្មវិធី Rally Italia Sardegna គឺ ដំណាក់កាលទី៦ ក្នុងចំណោម ១៤ នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥នេះ។
ការប្រកួតជាបន្តដំណាក់កាលទី៧ ជាកម្មវីធី Acropolis Rally Greece ធ្វើឡើងនាតំបន់ Lamia ប្រទេសក្រិច ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមិថុនា ខាងមុខ៕