
ការប្រកួតវាយកូនបាល់ទីលានដីឥដ្ឋ កម្រិត Grand Slam កម្មវិធី French Open 2025 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីបានដំណើការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ គឺកីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពីអេស្ប៉ាញ Carlos Alcaraz ដោយបានយកឈ្នះកីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 4-6 6-7 6-4 7-6 និង 7-6 ចាយពេលអស់ដល់ទៅជាង៥ម៉ោង ២៩នាទី ដែលកំណត់ត្រានៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចាយពេលយូរជាងគេ ក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់ French Open ។
នេះជាលើកទី២ដែល កីឡាករវ័យ២២ឆ្នាំ បានឈ្នះជើងឯកពានរង្វាន់ French Open បន្ទាប់ពីបានឈ្នះក្នុងឆ្នាំ២០២៤ រួចមក។
វាក៏ជាពានរង្វាន់ កម្រិត Grand Slam ទី២ ក្នុងឆ្នាំ២០២៥នេះ ដែល Carlos Alcaraz បានឈ្នះ បន្ទាប់ពីបានឈ្នះពានរង្វាន់ Australian Open កាលពីខែមករារួចមក។
ងាកទៅកាន់ការប្រកួតខាងផ្នែកនារីវិញ តំណែងជើងឯកបានទៅលើ កីឡាការិនីដែលកំពុងឈរលេខ២ពិភពលោក មកពីអាមេរិក Coco Gauff ដោយបានយកឈ្នះ ទៅលើកីឡាការិនីដែលកំពុងឈរលេខ១ពិភពលោកមកពីបែលឡារុស Aryna Sabalenka នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-7 6-2 និង 6-4។
វាជាការឈ្នះពានរង្វាន់ French Open ជាលើកដំបូងក្នុងអាជីពរបស់កីឡាការិនី Coco Gauff និង ជាពានរង្វាន់កម្រិត Grand Slam ទី២ក្នុងអាជីពរបស់នាង បន្ទាប់ពីបានឈ្នះពានរង្វាន់ US Open កាលពីឆ្នាំ២០២៣។
សូមបញ្ជាក់ថា កម្មវិធី French Open 2025 គឺជាការដំណើរការលើកទី ១២៤ នៅក្នុងប្រវត្តិសាស្ត្រ ដោយអ្នកឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ប្រមាណ២លាន៩សែនដុល្លារឯណោះ៕