×

គ្រូព័រទុយហ្កាល់ថារីករាយបំផុតក្រោយឈ្នះជើងឯក UEFA Nations League 2024-25

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់លោក Roberto Martínez បាននិយាយថា លោកមានភាពរីករាយ និង មោទនភាពបំផុត ក្រោយពីបានជួយដឹកនាំក្រុមឈ្នះជើងឯកពានរង្វាន់ UEFA Nations League 2024-25។

ជាការពិត ក្រុមព័រទុយហ្កាល់បានឈ្នះជើងឯក UEFA Nations League ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី ៥-៣ ក្រោយស្មើគ្នា ២-២ នៅ១២០នាទី។

ការប្រកួតនាកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់នោះ ក្រុមអេស្ប៉ាញ នាំមុខមុនដោយ Martín Zubimendi នៅនាទី២១ តែក្រុមអាល្លឺម៉ង់តាមស្មើវិញដោយ Nuno Mendes នៅនាទី២៦។ នាទី ៤៥ Mikel Oyarzabal បានរកគ្រាប់បាល់អោយក្រុមអេស្ប៉ាញម្តងទៀត មុនចប់វគ្គទី១។ នៅវគ្គទី២ នាទី៦១ Cristiano Ronaldo ជាអ្នករកគ្រាប់បាល់តាមស្មើអោយក្រុម ព័រទុយហ្កាល់ ដោយលទ្ធផលនេះបានរក្សាដល់ចប់៩០នាទី ហើយបន្តដល់ការថែមម៉ោង ១៥នាទី២ដងទៀត ក៏មិនមានក្រុមណារកគ្រាប់បាល់បញ្ចូលទីបានដែរ។ ការប្រកួតក៏បានឈានដល់ការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី ដោយក្នុងនោះ អេស្ប៉ាញទាត់ចូលតែ៣គ្រាប់ ខណៈព័រទុយហ្កាល់ទាត់ចូលដល់ទៅ៥គ្រាប់ ដែលធ្វើអោយក្រុមរហស្សនាមបញ្ចខែលទទួលបានជ័យជំនះតែម្តង។

ជ័យជំនះនេះបានធ្វើអោយគ្រូបង្វឹកក្រុមព័រទុយហ្កាល់ លោក Roberto Martínez បង្ហាញពីភាពរីករាយយ៉ាងខ្លាំង ព្រោះបានជួយក្រុមឈ្នះពានរង្វាន់។ វាជាពានរង្វាន់ដំបូងក្នុងរយៈពេល១២ឆ្នាំ ចាប់តាំងពីលោក Roberto Martínez បានជួយ Wigan Athletic ឈ្នះ FA Cup 2012–13 ហើយវាក៏ជាពានរង្វាន់ទី៣នៅក្នុងអាជីពជាគ្រូបង្វឹករបស់លោកផងដែរ។

លោក Roberto Martínez បាននិយាយក្រោយចប់ការប្រកួតថា “ ក្រុមរបស់យើងមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងក្រុមព័រទុយហ្កាល់ កាលពី EURO ឆ្នាំទៅ។ កីឡាករមានជំនឿចិត្តថា ពួកគេនឹងឈ្នះពានរង្វាន់ ហើយបានលេងយ៉ាងល្អ។ ខ្ញុំពិតជារីករាយ និង មានមោទនភាពក្នុងនាមជាគ្រូបង្វឹកដែលបានដឹកនាំក្រុមមួយនេះ ឈ្នះពានរង្វាន់។”

នេះជាលើកទី២ ដែល ក្រុមជម្រើសជាតិព័រទុយហ្កាល់ បានឈ្នះ ជើងឯក UEFA Nations League ក្រោយពីឈ្នះលើកដំបូងក្នុងឆ្នាំ ២០១៩ ហើយវាក៏បានធ្វើអោយព័រទុយហ្កាល់ ជាក្រុមដែលឈ្នះពាននេះច្រើនជាងគេដែរ។ សម្រាប់ក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួតឆ្នាំនេះ គឺក្រុមអាល្លឺម៉ង់ ដោយបានយកឈ្នះក្រុមបារាំង ក្នុងលទ្ធផល ២-០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង