×

អ្នកវាយសី Anders Antonsen យកបានតំណែងជើងឯកកម្មវិធី Indonesia Open 2025

ការប្រកួតវាយសី កម្មវិធី Indonesia Open 2025 បានបញ្ចប់ហើយ ដោយការប្រកួតដំណើរការនាទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផ្នែកបុរស គឺកីឡាករដាណឺម៉ាក Anders Antonsen ដោយបានយកឈ្នះកីឡាករតៃវ៉ាន់ Chou Tien-chen នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 22-20 និង 21-14។

នេះជាលើកដំបូងហើយ ដែលកីឡាករ Anders Antonsen ទទួលបានជ័យជំនះជើងឯកនៅក្នុងកម្មវិធី Indonesia Open នេះ។

សម្រាប់ការប្រកួតជាគូផ្នែកបុរស ជ័យជំនះជើងឯកបានទៅលើគូកីឡាករកូរ៉េខាងត្បូង Kim Won-ho និង Seo Seung-jae ដោយបានយកឈ្នះគូកីឡាករម្ចាស់ផ្ទះ Sabar Karyaman Gutama និង Muhammad Reza Pahlevi Isfahani នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 18-21 21-19 និង 21-12។

ងាកមកកាន់ការប្រកួត ខាងផ្នែកនារីវិញ កីឡាការិនីកូរ៉េខាងត្បូង An Se-young ជាអ្នកទទួលបានជ័យជំនះតំណែងជើងឯក ដោយយកឈ្នះកីឡាការិនីចិន Wang Zhiyi នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 13-21 21-19 និង 21-15។

ការប្រកួតជាគូផ្នែកនារី ជ័យជំនះជើងឯកបានទៅលើគូកីឡាការិនីចិន Liu Shengshu និង Tan Ning ដោយបានយកឈ្នះគូកីឡាការិនីម៉ាឡេស៊ី Pearly Tan និង Thinaah Muralitharan នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 23-25 21-12 និង 21-19។

សូមបញ្ជាក់ថា ការប្រកួតវាយសី កម្មវិធី Indonesia Open 2025 គឺជាការដំណើរការលើកទី ៤៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយប្រាក់រង្វាន់នៃកម្មវិធីមានរហូតដល់ទៅ ១លាន ៤សែនដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង