×

CAMSOC ៖ វគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន នឹងធ្វើឡើងនៅដើមខែក្រោយនេះ

មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ (មូលនិធិជប៉ុន) និងក្លិបអ្នកកាសែត កម្ពុជា (CCJ) គាំទ្រដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំវគ្គសិក្សាសម្រាប់វិស័យសារព័ត៌មានកីឡា “វគ្គសិក្សាជំរុញការ ផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិ ជប៉ុន” ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសីទ NOCC។

គោលបំណងចម្បងនៃការរៀបចំវគ្គសិក្សានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់អ្នកសារ ព័ត៌មានកីឡា ក្នុងការរាយការណ៍អំពីការប្រកួតកីឡាឱ្យកាន់តែប្រសើរឡើងទ្វេឡើងជាលំដាប់ និងដើម្បីរួមចំណែក ក្នុងការលើកកម្ពស់វិស័យកីឡាដល់កម្រិតសហគមន៍ និងថ្នាក់ជាតិ។ អ្នកដែលត្រូវបានជ្រើសរើសសម្រាប់ការចូល រួមក្នុងវគ្គសិក្សានេះ គឺសុទ្ធសឹងតែជាអ្នកសារព័ត៌មានកម្ពុជា ដែលបម្រើការងារក្នុងវិស័យសារព័ត៌មានកីឡា។

វគ្គសិក្សានេះមានសារសំខាន់ណាស់ក្នុងការបន្ថែមនូវតម្លៃអ្នកសារព័ត៌មានអាជីព និងជំនាញសារព័ត៌មានកីឡា ដើម្បីជួយលើកកម្ពស់វិស័យកីឡា ជាពិសេសគាំទ្រដល់កីឡាជាតិ និងចលនាអូឡាំពិក។ ក្នុងនាមជាអ្នកសារព័ត៌មានកីឡា ត្រូវមានចំណេះដឹងត្រឹមត្រូវលើជំនាញកីឡា លើទ្រឹស្ដីកីឡា ការអនុវត្តកីឡា គោលការណ៍នៃ “ការលេងដោយយុត្តិធម៌” គោលការណ៍អូឡាំពិក ធម្មនុញ្ញអូឡាំពិក បទបញ្ជាកីឡាអន្តរជាតិ។ល។ អ្នកដែលបាន ចូលរួមវគ្គនេះដោយពេញលេញ នឹងមានសមត្ថភាពអាចចូលរួមលើកកម្ពស់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមប្រកប ដោយវិជ្ជាជីវៈ។


វគ្គសិក្សានេះនឹងត្រូវបែងចែកជា ២វគ្គ ដោយវគ្គទី១ ក្រោមប្រធានបទ “ការណែនាំអំពីសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន” នឹងប្រារព្ធធ្វើឡើងចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ វគ្គទី២ ក្រោមប្រធានបទ “ឌីជីថលនៃសារព័ត៌មានកីឡា” ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២១។ សម្រាប់វគ្គសិក្សាទាំង២វគ្គ ចែកចេញជា៨លើក ដែលផ្តោតលើទ្រឹស្តីទូទៅ ការសរសេរ ការថត និងការ ធ្វើអត្ថាធិប្បាយ ដែលបង្រៀនដោយគ្រូឧទ្ទេស ដែលជាអ្នកជំនាញជនជាតិជប៉ុនដែលមានបទពិសោធខ្ពស់ និង ច្រើនឆ្នាំ ដោយសហការជាមួយអ្នកសារព័ត៌មានកីឡាជាន់ខ្ពស់កម្ពុជា ដែលមានបទពិសោធច្រើនឆ្នាំ។

មូលនិធិជប៉ុនរំពឹងថាវគ្គសិក្សានេះនឹងរួមចំណែកក្នុងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសារព័ត៌មានកីឡា ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ CCJ មើលឃើញថា វគ្គសិក្សាដ៏គួរឱ្យចាប់អារម្មណ៍បែបនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកសារព័ត៌មានកម្ពុជា ក្នុងការសិក្សារៀនសូត្រពីគ្រឧទ្ទេសជនជាតិជប៉ុនដែល មានបទពិសោធ។ ភាគីទាំងពីរសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំបន្ថែម ទៀតតាមរយៈកម្មវិធីសហការរួមគ្នានេះ។ ជាមួយគ្នានេះផងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) សង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្សានេះនឹងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកសារពត៌មានកីឡាជាតិ និងសារព័ត៌មានកីឡាអាជីព ហើយយកចំណេះដឹងនេះចូលរួមគាំទ្រ ផ្សព្វផ្សាយ និងបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិ សាស្រ្តក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខ។

សូមមើលខាងក្រោម៖ សេចក្តីប្រកាសព័ត៌មាន វគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង