អាមេរិក ដែលធ្វើសហម្ចាស់ផ្ទះជាមួយកាណាដា និងម៉ិកស៊ិក រៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល ១ឆ្នាំ។
អាមេរិក កាណាដា និងម៉ិកស៊ិក គឺជាសហម្ចាស់ផ្ទះ រួមគ្នារៀបចំការប្រកួត World Cup ឆ្នាំ ២០២៦ ដែលមានចំនួនក្រុមចូលរួមកើនឡើងដល់ ៤៨ក្រុម ហើយការប្រកួតសរុបកើន ឡើងដល់ទៅ ១០៤ប្រកួត រួមទាំងវគ្គផ្តាច់ព្រ័ត្រ។
កម្មវិធីរាប់ថយក្រោយរយៈពេល ១ឆ្នាំ ត្រូវបានធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជូនទាហានម៉ារីន និងឆ្មាំជាតិ ទៅទីក្រុង Los Angeles ដើម្បីការពារសន្តិសុខ និងការបង្ក្រាបបាតុកម្ម។
ដោយឡែកផ្នែកសិទ្ធិមនុស្ស បានប្រើប្រាស់កម្មវិធីរាប់ថយក្រោយ ១ឆ្នាំ ទៅ World Cup ដើម្បីទាមទារអោយ FIFA បន្តធ្វើកិច្ចការងារជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីរួមគ្នាដោះស្រាយលើបញ្ហាសិទ្ធិរបស់អ្នកគាំទ្រចូលរួម ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងាររៀបចំការប្រកួត អំឡុងពេលព្រឹត្តិការណ៍កើតឡើង។
លើសពីនេះ អ្នកតំណាងអង្គការសិទ្ធិមនុស្ស ថែមទាំងទាមទារអោយ FIFA ទទួលស្គាល់ នូវអ្វីដែលរដ្ឋាភិបាលអាមេរិក បានធ្វើចំពោះការចាប់បណ្តេញជនអន្តោរប្រវេសន៍ ដែលវាហាក់បង្ហាញពីការប្រឆាំងទៅនឹងសិទ្ធិមនុស្ស៕