×

ខ្សែបម្រើ Leroy Sane ចាកចេញពី Bayern Munich ទៅកាន់ Galatasaray

ខ្សែបម្រើស្លាប Leroy Sane បានចុះហត្ថលេខាចូលរួមជាមួយក្លិបទួរគី Galatasaray ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន នៅពេលដែលរូបគេចាកចេញពីក្លិបអាល្លឺម៉ង់ Bayern Munich ។

កីឡាករវ័យ ២៩ ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្លិបជើងឯកតួកគី ដោយក្លិបបានប្រកាសថា រូបគេនឹងទទួលបានប្រាក់ឈ្នួលចំនួន ៧,៦៦ លានផោនក្នុងមួយឆ្នាំ ខាងក្រៅបូករួមទាំងប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗផងដែរ។

ចុះហត្ថលេខាចូលរួមជាមួយ Galatasaray ក៏ពិតមែន ប៉ុន្តែ Leroy Sane នៅមានភារកិច្ចធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីលេងអោយ Bayern Munich ក្នុងការប្រកួត FIFA Club World Cup 2025 មុនពេលចូលរួមជាមួយក្លិបថ្មីរបស់គេនៅថ្ងៃទី ៣០ ខែមិថុនា។ Leroy Sane អាចបង្ហាញខ្លួនក្នុងការប្រកួតក្នុងពូលចំនួន៣ប្រកួត សម្រាប់ Bayern Munich ទល់នឹង Auckland City, Boca Juniors និង Benfica ព្រមទាំងអាចឈានដល់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយផងដែរ។

វត្តមាននៃការចុះកិច្ចសន្យារបស់កីឡាករអាល្លឺម៉ង់ Leroy Sane ជាមួយនឹង Galatasaray បានទទួលការគាំទ្រយ៉ាងច្រើន ដោយមានមនុស្សជាងមួយលាននាក់បានតាមដានការផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ YouTube របស់ Galatasaray ដើម្បីតាមដានពីវត្តមានរបស់គេ មកដល់ទីក្រុង Istanbul ។

Leroy Sane បានចូលរួមជាមួយ Bayern Munich ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ពី Man City ក្នុងឆ្នាំ ២០២០ ហើយបានឈ្នះពានរង្វាន់លីគចំនួន ៦ ក្នុងអាជីពរបស់គេ។

សម្រាប់ Galatasaray វិញ បានឈ្នះពានរង្វាន់លីគកំពូលតួកគីនៅរដូវកាលនេះ ដោយបានផ្តួលក្រុម Fenerbahce របស់ដែលដឹកនាំដោយលោក Jose Mourinho ដល់ទៅ ១១ ពិន្ទុ។

មែនទែនទៅ ក្លិបម្ចាស់ជើងឯក Bundesliga Bayern Munich ចង់បាន Leroy Sane បន្តលេងជាមួយពួកគេទៀត ប៉ុន្តែ សាមីកីឡាករ បានច្រានចោលសំណើបន្តកុងត្រាថ្មី។ Bayern Munich បានរួមបញ្ចូល Leroy Sane ក្នុងក្រុមកីឡាករ ២៩ នាក់របស់ពួកគេសម្រាប់ការប្រកួត FIFA Club World Cup ដែលចាប់ផ្តើមនៅថ្ងៃទី១៥ខែមិថុនា ប៉ុន្តែក្លិបនៅតែមានការសោកស្តាយចំពោះការចាកចេញរបស់គេ។

Leroy Sane ស៊ុតបញ្ចូលទីបាន ៦១ គ្រាប់ក្នុង ២២០ ប្រកួតសម្រាប់ Bayern Munich រួមទាំង ១៣ គ្រាប់ក្នុង ៤៥ ប្រកួតកាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង