×

កីឡាករអាមេរិក Taylor Fritz ឈ្នះជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Stuttgart Open 2025

ការប្រកួតវាយកូនបាល់ទីលានវាលស្មៅ កម្រិត ATP 250 កម្មវិធី Stuttgart Open 2025 បានបញ្ចប់រួចរាល់ហើយ ក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។

នៅក្នុងនោះគេក៏រកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករអាមេរិក Taylor Fritz ដោយបានយកឈ្នះកីឡាករម្ចាស់ផ្ទះ ដែលកំពុងឈរលេខ៣ពិភពលោក Alexander Zverev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 និង 7-6 ចាយពេលអស់ ១ម៉ោង ២៧នាទី។

នេះជាពានរង្វាន់ដំបូងដែល Taylor Fritz បានឈ្នះ នៅក្នុងការប្រកួតឆ្នាំ២០២៥នេះ និងជាពានរង្វាន់ធំទី៤ ក្នុងអាជីពរបស់គេផងដែរ។ ជ័យជំនះនេះក៏នឹងធ្វើអោយ Taylor Fritz ហក់ឡើងពីចំណាត់ថ្នាក់លេខ៧ពិភពលោក មកកាន់ចំណាត់ថ្នាក់លេខ៤ពិភពលោក ពេលដែលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។

សូមបញ្ជាក់ថា កម្មវិធី Stuttgart Open 2025 គឺជាការដំណើរការលើកទី៤៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៨៣ម៉ឺនដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង