×
ព័ត៌មានថ្មី

Bayern Munich បំបែកកំណត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតនៅ FIFA Club World Cup ក្រោយឈ្នះ Auckland City

ក្រុមអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្រុម នូវេហ្សេឡង់ Auckland City ដោយលទ្ធផលដល់ទៅ ១០-០ ឯណោះ នៅក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup 2025។

ជាការពិត ការប្រកួតបើកឆាកក្នុងពូល C រវាងក្រុមទាំង២ ដែលធ្វើឡើង នាកីឡដ្ឋាន TQL Stadium ស្ថិតក្នុងទីក្រុង Cincinnati សហរដ្ឋអាមេរិក នោះ ក្រុម Bayern Munich បានគ្របសង្កត់ការប្រកួតស្ទើរតែទាំងស្រុងទៅហើយ ដោយពួកគេអាចគ្រប់គ្រងបាល់ដល់ទៅ ៧១ ភាគរយ មានឱកាសស៊ុតបាល់ដល់ទៅ ៣១ដង ខណៈ Auckland City មានឱកាសស៊ុតបាល់តែម្តងគត់។ គិតត្រឹមវគ្គទី១ Bayern Munich អាចស៊ុតបាល់ដល់ទៅ ៦គ្រាប់ ដែលធ្វើបានដោយ Kingsley Coman នាទី ៦ Sacha Boey នាទី ១៨ Michael Olise នាទី២០ មុនពេល Kingsley Coman បន្ថែមគ្រាប់ទី៤ នៅនាទី ២១ Thomas Müller បន្ថែមគ្រាប់ទី៥នាទី ៤៥ ហើយ Michael Olise ដដែលបន្ថែមគ្រាប់ទី៦នាទី ៤៥+៣ មុនចប់វគ្គទី១។

ចូលមកដល់វគ្គទី២ Bayern Munich រកបាន៤គ្រាប់បន្ថែមទៀតពីសំណាញ់ទីរបស់ Auckland City ដែលធ្វើបានដោយ Jamal Musiala នាទី៦៧ ការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ កីឡាករវ័យ២២ឆ្នាំដដែល នៅនាទី៧៣ ហើយរូបគេក៏រកបានគ្រាប់បាល់ទី៣របស់ខ្លួននិងជាគ្រាប់បាល់ទី៩ របស់ Bayern Munich នៅនាទី ៨៤។ គ្រាប់បាល់ចុងក្រោយ គ្រាប់បាល់ទី១០ របស់ Bayern Munich ធ្វើបានដោយ Thomas Müller នៅនាទី៨៩ មុនបញ្ចប់ការប្រកួត។

ជាមួយនឹងជ័យជំនះនេះ Bayern Munich បានបំបែកកំណត់ត្រាជាក្រុមរកបានគ្រាប់បាល់ច្រើនបំផុតនៅក្នុងមួយប្រកួតនៃប្រវត្តិសាស្ត្រពានរង្វាន់ FIFA Club World Cup វ៉ាហួសកំណត់ត្រាដែលក្រុមអារ៉ាប៊ីសាអូឌីត Al-Hilal ឈ្នះក្រុមអារ៉ាប់រួម Al Jazira ៦-១ កាលពីឆ្នាំ២០២២ ទៀត។

ជោគជ័យនេះដែរ បានធ្វើអោយគ្រូបង្វឹក Bayern Munich លោក Vincent Kompany មានការសប្បាយរីករាយ និង ពេញចិត្តចំពោះ ការបង្ហាញចេញរបស់កូនក្រុម។

គ្រូបង្វឹក វ័យ៣៩ឆ្នាំបានអោយដឹងក្រោយចប់ការប្រកួតថា “ខ្ញុំគិតថានេះជាការប្រកួតដែលកូនក្រុមខ្ញុំបានធ្វើការងារគួរអោយគោរពបំផុត។ វានឹងមានការប្រកួតប្រជែងផ្សេងទៀតនៅខាងមុខ ហើយវានឹងកាន់តែលំបាក ប៉ុន្តែពួកយើងបានធ្វើរឿងត្រឹមត្រូវក្នុងការប្រកួតដំបូងនេះ។ វានឹងក្លាយជាការជំរុញចិត្តកីឡាករក្នុងការប្រកួតបន្តទៀត។”

Bayern Munich នៅឈរកំពូលតារាងពូល C មាន ៣ពិន្ទុ ខណៈក្រុមអាហ្សង់ទីន Boca Juniors និងក្រុមព័រទុយហ្កាល់ Benfica មិនទាន់ឆ្លងកាត់ការប្រកួតទេ ហើយ ក្រុម Auckland City នៅបាតតារាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង