×

កីឡាករន័រវេស Karsten Warholm ឈ្នះការរត់ផ្លោះរបាចម្ងាយ ៣០០ ម៉ែត្រ កម្មវិធី Bislett Games 2025

កីឡាករម្ចាស់ផ្ទះ Karsten Warholm បានទទួលជ័យជំនះទៅលើការរត់ផ្លោះរបាចម្ងាយ ៣០០ ម៉ែត្រ នៅក្នុងការប្រកួតអត្ពពលកម្ម កម្មវិធី Bislett Games ដែលធ្វើឡើងនាកីឡដ្ឋាន Bislett Stadium ស្ថិតនាទីក្រុង Oslo ប្រទេសន័រវេស។

ក្នុងការប្រកួតនោះ កីឡាករវ័យ២៩ឆ្នាំ បានចាយពេលត្រឹមតែ ៣២វិនាទី ចុច៦៧ ក្នុងការរត់មកដល់ទីព្រ័ត្រមុនគេ។ លទ្ធផលនេះធ្វើអោយគេបំណែកកំណត់ត្រាផ្ទាល់ខ្លួន ក្នុងការប្រកួតដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ នាទីក្រុង Xiamen ប្រទេសចិន ដោយកាលណោះគេបង្កើតកំណត់ត្រារត់មកដល់គោលដៅ ប្រើពេលអស់តែ ៣៣វិនាទី ចុច០៥។ សម្រាប់ចំណាត់ថ្នាក់លេខ២នៃការប្រកួត Bislett Games ការរត់ផ្លោះរបាចម្ងាយ ៣០០ ម៉ែត្រ បានទៅលើកីឡាករអាមេរិក Rai Benjamin ប្រើពេលអស់ ៣៣វិនាទី ចុច២២ ហើយកីឡាករប្រេស៊ីល Alison dos Santos ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ៣៣វិនាទី ចុច៣៨។

សូមបញ្ជាក់ដែរថា កម្មវិធី Bislett Games គឺជាដំណាក់កាលទី៦ ក្នុងចំណោម ១៥ នៃការប្រកួតអត្ពពលកម្ម ពានរង្វាន់ Diamond League ប្រចាំរដូវកាល ២០២៥។ ការប្រកួតជាបន្តគឺជាកម្មវិធី Meeting de Paris ធ្វើឡើងនាថ្ងៃទី២០ ខែមិថុនា ខាងមុខ នាទីក្រុងប៉ារីស ប្រទេសបារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង