
ការប្រកួតវាយកូនបាល់ទីលានវាលស្មៅ កម្រិត ATP Tour 500 កម្មវិធី Halle Open 2025 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយការប្រកួតធ្វើឡើងនាទីក្រុង Halle ប្រទេសអាល្លឺម៉ង់។
នៅក្នុងការប្រកួតបើកឆាក ជុំទី១នោះដែរ កីឡាកររុស្ស៊ី Daniil Medvedev បានទទួលជ័យជំនះទៅលើ កីឡាករម្ចាស់ផ្ទះ Daniel Altmaier តាមរយៈលទ្ធផល 6-3 និង 6-3 ចាយពេលតែជាងមួយម៉ោងប៉ុណ្ណោះ។
Daniil Medvedev នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករបារាំង Quentin Halys ដែលបាន វាយទម្លាក់កីឡាករ Benjamin Bonzi ជនជាតិបារាំងដូចគ្នា។
ចំពោះកីឡាករក្រិច Stefanos Tsitsipas ក៏បានទទួលជ័យជំនះនៅក្នុងការប្រកួតជុំទី១ ដូចគ្នាដែរ គឺបានយកឈ្នះទៅលើកីឡាករអ៊ីតាលី Luciano Darderi ដោយលទ្ធផល 6-4 3-6 និង 7-6។
Stefanos Tsitsipas នឹងបន្តឡើងទៅកាន់ជុំទី២ រង់ចាំជួបអ្នកឈ្នះ នៅក្នុងការប្រកួតជុំទី១ រវាងកីឡាករអាហ្សង់ទីន Alex Michelsen និង កីឡាករអាហ្សង់ទីន Francisco Cerúndolo។
១គូទៀតគឺកីឡាករកាហ្សាក់ស្ថាន Alexander Bublik បានយកឈ្នះ កីឡាករបារាំង Alexandre Müller នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-4 និង 6-4។
Alexander Bublik នឹងបន្តឡើងទៅកាន់ជុំទី២ រង់ចាំជួបអ្នកឈ្នះ នៅក្នុងការប្រកួតជុំទី១ រវាងកីឡាករម្ចាស់ផ្ទះ Yannick Hanfmann និង កីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី និងជាម្ចាស់ការពារតំណែងជើងឯកនៃកម្មវិធីផងដែរនោះគឺកីឡាករ Jannik Sinner។
សូមបញ្ជាក់ថា កម្មវិធី Halle Open ២០២៥ គឺជាការដំណើរការលើកទី ៣២នៅក្នុងប្រវត្តិសាស្ត្រ ដោយធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ ២២ ខែមិថុនា។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ២លាន ៩សែនដុល្លារអាមេរិក៕