×
ព័ត៌មានថ្មី

អតីតខ្សែបម្រើ David Beckham ទទួលបានគោរមងារកិត្តិយសថ្នាក់ជាតិខ្ពស់នៅអង់គ្លេស

អតីតខ្សែបម្រើល្បីឈ្មោះរបស់អង់គ្លេស លោក David Beckham ត្រូវបានស្ដេច Charles ទី៣ នៃចក្រភពអង់គ្លេសតែងតាំងគោរមងារ Sir ជាផ្លូវការ ដែលជាគោរមងារកិត្តិយសថ្នាក់ជាតិខ្ពស់បំផុតមួយ សម្រាប់សមិទ្ធផលលើវិស័យកីឡា និងសប្បុរសធម៌។

បុរសវ័យ៥០ឆ្នាំ បានទទួលគោរមងារ Sir ក្នុងបញ្ជីកិត្តិយសនៅក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម៧៦ព្រះវស្សារបស់ស្តេចឆាលស៍ទី៣ ដែលទទួលស្គាល់សម្រាប់សមិទ្ធផលដ៏ឆ្នើមលើវិស័យកីឡា ក៏ដូចជាការរួមចំណែកដ៏សំខាន់ដល់សង្គមជាតិអង់គ្លេស។

Sir David Beckham បានបង្ហាញខ្លួន១១៥ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និងលេង៥៩ប្រកួតក្នុងនាមជាប្រធានក្រុម ហើយរូបលោកក៏នៅតែជាកីឡាករអង់គ្លេសតែម្នាក់គត់ ដែលអាចរកគ្រាប់បាល់បញ្ចូលទីបាននៅព្រឹត្តិការណ៍ FIFA World Cup ៣សម័យកាលផ្សេងគ្នា ព្រមទាំងបានបង្ហាញខ្លួននៅគ្រប់ប្រកួតសំខាន់ៗរបស់ក្រុមតោកំណាច ចន្លោះឆ្នាំ ១៩៩៨ និង២០០៦។

Sir David Beckham បានជួយ Man UTD ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ៦សម័យកាល រួមទាំងពាន FA Cup, FA Charity Shield, UEFA Champions League និង Intercontinental Cup ជាពិសេសការឈ្នះពានរង្វាន់ធំ៣ក្នុងមួយរដូវកាលដ៏ល្បីល្បាញកាលពីឆ្នាំ១៩៩៩។

លោក Beckham ក៏បានជួយក្រុម Real Madrid ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga ព្រមទាំង Spanish Super Cup និងបន្តជួយ LA Galaxy ឈ្នះពានរង្វាន់ MSL ២លើកនៅអាមេរិក និងជើងឯកលីគកំពូលបារាំង Ligue 1 ១លើកជាមួយ Paris Saint-Germain មុនពេលប្រកាសចូលនិវត្តន៍នៅឆ្នាំ២០១៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង