×

អតីតគ្រូបង្វឹក AC Milan លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី

អតីតគ្រូបង្វឹក AC Milan និង Napoli លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសអ៊ីតាលី។

លោក Gennaro Gattuso បានមកជំនួសតំណែងលោក Luciano Spalletti ដែលត្រូវបានបញ្ចប់តំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីការបរាជ័យក្នុងការប្រកួតជម្រុះ World Cup ក្នុងលទ្ធផល ២-០ ដោយក្រុមន័រវេស។ បុរស វ័យ៤៧ឆ្នាំ បានបង្ហាញខ្លួន ៧៣លើក សម្រាប់ក្រុមអ៊ីតាលី អំឡុងប្រកបអាជីពជាកីឡាករក្នុងតួនាទីខ្សែបម្រើ និងបានរួមចំណែកឈ្នះពានរង្វាន់ FIFA World Cup 2006។ វិលមកវិញ ក្នុងតំណែងជាគ្រូបង្វឹកលើកនេះ លោក Gennaro Gattuso សង្ឃឹមថា នឹងដឹកនាំក្រុមអ៊ីតាលីចូលទៅក្នុងការប្រកួតបានយ៉ាងល្អ ដូចកាលពី២០ ឆ្នាំមុន។

អ៊ីតាលីបានឈ្នះ UEFA Euro 2020 ប៉ុន្តែត្រូវបាន ក្រុមស្វីសទម្លាក់ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពី UEFA Euro 2024 ហើយក៏មិនបានឡើងដល់ជុំចុងក្រោយ FIFA World Cup ២លើកកន្លងមកដែរ។

សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC បានបញ្ជាក់ថា លោក Gattuso នឹងត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍្ត។ ប្រធាន FIGC លោក Gabriele Gravina បាននិយាយថា “លោក Gattuso គឺជានិមិត្តរូបនៃបាល់ទាត់អ៊ីតាលី ។ ការលើកទឹកចិត្ត ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍របស់លោកនឹងក្លាយជាមូលដ្ឋានគ្រឹះដើម្បីប្រឈមមុខនឹងការប្តេជ្ញាចិត្តរបស់ក្រុមជម្រើសជាតិអ៊ីតាលីនាពេលខាងមុខ។”

លោក Gennaro Gattuso មានអាជីពជាកីឡាករដ៏អស្ចារ្យជាមួយ Rangers និង AC Milan ។ លោក ត្រូវបានគេស្គាល់ច្រើនបំផុតពេលលេងជាមួយ AC Milan ដោយឈ្នះពានរង្វាន់ Serie A និង UEFA Champions League ២ ដងក្នុងរយៈពេល ១៣ ឆ្នាំ។ ចាប់តាំងពីចូលនិវត្តន៍ពីអាជីពជាកីឡាករនៅឆ្នាំ ២០១៣ លោកGattuso ក្លាយខ្លួនជាគ្រូបង្វឹក ហើយអ៊ីតាលីគឺជាក្រុមជម្រើសជាតិដំបូងដែលលោកដឹកនាំ និង ជាក្រុមទី១០ ក្នុងរយៈពេលត្រឹមតែ ១២ ឆ្នាំ។ រយៈពេលវែងបំផុតដែលលោក បានស្នាក់នៅក្រុមណាមួយនោះគឺ បានដឹកនាំ ២ រដូវកាលជាមួយក្រុមលំដាប់ទី៣ របស់អ៊ីតាលី Pisa ។

បន្ទាប់ពីត្រូវបានតែងតាំងនៅទីនោះក្នុងខែសីហា ឆ្នាំ ២០១៥ លោក Gennaro Gattuso បានដឹកនាំក្រុមអោយឡើងទៅកាន់ក្របខណ្ឌ Serie B ក្នុងរដូវកាលដំបូង ប៉ុន្តែបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ នៅរដូវកាលបន្ទាប់លោក Gattuso ក៏បានលាលែងពីតំណែង។ នៅខែឧសភាឆ្នាំ ២០២១ លោក Gennaro Gattuso បានយល់ព្រមធ្វើជាគ្រូបង្វឹកក្រុម Fiorentina នៃក្របខណ្ឌ Serie A ប៉ុន្តែ បានលុបចោលកិច្ចព្រមព្រៀងវិញ មុនចូលកាន់តំណែងជាផ្លូវការ។ លោក Gennaro Gattuso បានបន្តដឹកនាំ ក្រុមអេស្ប៉ាញ Valencia, ក្រុមបារាំង Marseille និងក្រុមក្រូអាត Hajduk Split មុនសម្រេចមកចូលរួមក្រុមអ៊ីតាលីនៅពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង