
បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA អោយដឹងថា អ្នកគាំទ្រមកពីជាង ១៣០ប្រទេស បានទិញសំបុត្រប្រមាណ ១,៥លានសន្លឹក សម្រាប់ទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥ ហើយក្នុងនោះអ្នកគាំទ្រពីអាមេរិកខាងត្បូងមានចំនួនច្រើនជាងគេ ដែលជាចំនួនច្រើនជាងការរំពឹងទុក។
ជំនួបបើកឆាកធ្វើឡើងនៅកីឡដ្ឋាន Hard Rock ជាការប្រកួតរវាងក្រុម Al Ahly មកពីអេហ្ស៊ីប ទល់នឹង Inter Miami មានវត្តមានរបស់ Messi ដែលបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ០-០ មានអ្នកគាំទ្រចូលទស្សនាការប្រកួតជាង ៦ម៉ឺននាក់។ ការប្រកួតរវាងក្រុម PSG ផ្តួលក្រុម Atletico Madrid លទ្ធផល ៤-០ ក្នុងកីឡដ្ឋាន Rose Bowl Stand មានមនុស្សចូលទស្សនាប្រមាណ ៨ម៉ឺននាក់។
កន្លងមក FIFA ធ្លាប់បានបង្ហាញក្តីបារម្ភចំពោះបញ្ហាកង្វះខាតអ្នកគាំទ្រនៅការប្រកួត FIFA Club World Cup 2025 ប៉ុន្តែភាគច្រើនការប្រកួតរបស់ក្រុមប្រេស៊ីល និងក្រុមមកពីអាហ្សង់ទីន អ្នកគាំទ្ររបស់ក្លិបទាំងនោះច្រើនកុះករ បានចូលមើលការប្រកួតបំពេញគ្រប់ចន្លោះកៅអីក្នុងកីឡដ្ឋាន ខណៈក្រុមមកពីអឺរ៉ុប អាស៊ី ពុំសូវមានអ្នកគាំទ្រច្រើនមកទស្សនាឡើយ។
ព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលធ្វើឡើងនៅអាមេរិក ប្រៀបបានជាការធ្វើតេស្តមួយសម្រាប់ត្រៀមខ្លួនមុនការប្រកួត FIFA World Cup ឆ្នាំ ២០២៦ ចូលមកដល់ ៕