×
ព័ត៌មានថ្មី

អាកាសធាតុនៅអាមេរិកបង្កើតអោយមានការព្រួយបារម្ភប៉ះពាល់ដល់សុខភាពកីឡាករ

អាកាសធាតុក្តៅហើយសើមនៅអាមេរិក អំឡុងព្រឹត្តិការណ៍បាល់ទាត់ FIFA Club World Cup 2025 បានបង្កក្តីបារម្ភចំពោះបញ្ហាសុខភាព កីឡាករបាល់ទាត់ គ្រូបង្វឹក និងអ្នកគាំទ្រ។

ដោយសារបញ្ហាអាកាសធាតុនេះ មានការទាមទារអោយមានពេលសម្រាកខ្លីតាមវគ្គនីមួយៗ និងការរៀបចំកាលវិភាគប្រកួតមួយចំនួនឡើងវិញ។ តួយ៉ាង កាលពីជំនួបរវាង Paris Saint Germain យកឈ្នះ Atletico Madrid លទ្ធផល ៤-០ ធ្វើឡើងនៅពេលរសៀលក្រោមកម្តៅថ្ងៃសីតុណ្ហភាពប្រមាណ ៣២អង្សា។

ថ្មីៗនេះដែរ ដោយសារបញ្ហាអាកាសធាតុ បានធ្វើអោយការប្រកួតរវាង ក្រុមកូរ៉េខាងត្បូង Ulsan និង ក្រុមអាហ្រ្វិកខាងត្បូង Mamelodi Sundowns ត្រូវពន្យាពេលជិត១ម៉ោងថែមទៀត។ សម្រាប់ អ្នកគាំទ្រវិញ ភាគច្រើនបានរអ៊ូរទាំចំពោះអាកាសធាតុក្តៅ នៅកីឡដ្ឋានគ្មានដំបូល ។ បញ្ហាបានកើតឡើងរួច បង្កអោយមានក្តីបារម្ភចំពោះក្លិប កីឡាករ និងអ្នកគាំទ្រ ដែលមានកាលវិភាគប្រកួតផ្សេងៗនៅចំពេលរសៀល។
ករណីនេះឈានធ្វើអោយស្ថាប័នកីឡាករបាល់ទាត់អាជីពពិភពលោក FIFPRO ព្រមានអំពីផលប៉ះពាល់ដល់សុខភាពកីឡាករ។

កន្លងមក បញ្ហាអាកាសធាតុក្តៅនៅអាមេរិកនេះ បានបង្កអោយមានការរិះគន់ខ្លាំងពីសំណាក់មតិអ្នកជំនាញ និងគ្រូបង្វឹកក្រុមបាល់ទាត់មួយចំនួន ដែលអាចធ្វើអោយប៉ះពាល់ខ្លាំងដល់សុខភាពកីឡាករ បន្ទាប់ពី FIFA បានបង្កើនចំនួនការប្រកួតច្រើនទៅក្នុងពានរង្វាន់ FIFA Club World Cup 2025 កៀកនឹង FIFA World Cup 2026៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង