កីឡាករម្ចាស់ផ្ទះ Alexander Zverev បានបន្តឡើងដល់ជុំទី២ នៃការប្រកួតវាយកូនបាល់ កម្មវិធី Halle Open 2025 ដែលធ្វើឡើងនាទីក្រុង Halle ប្រទេសអាល្លឺម៉ង់។
ការឡើងមកនេះបន្ទាប់ពីកីឡាករដែលកំពុងឈរលេខ៣ពិភពលោករូបនេះ បានយកឈ្នះទៅលើ កីឡាករអាមេរិក Marcos Giron នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-2 និង 6-1 ចាយពេលអស់ ៧៩ នាទី។
Alexander Zverev នឹងមកជួបកីឡាករអ៊ីតាលី Lorenzo Sonego ដែលបានយកឈ្នះកីឡាករម្ចាស់ផ្ទះ Jan-Lennard Struff។
ចំណែកឯកីឡាកររុស្ស៊ី Daniil Medvedev បានបន្តឡើងទៅដល់វគ្គ៨នាក់ចុងក្រោយ ទៅហើយ ក្រោយពីយកឈ្នះកីឡាករបារាំង Quentin Halys នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-2 និង 7-5។
Daniil Medvedev នឹងមកជួបកីឡាករអាមេរិក Alex Michelsen ក្រោយពីរូបគេបានយកឈ្នះកីឡាករក្រិច Stefanos Tsitsipas៕