×

កីឡាករព័រទុយហ្កាល់ João Almeida ឈ្នះដំណាក់កាលទី៤ ការប្រណាំងកង់កម្មវិធី Tour de Suisse 2025

ការប្រណាំងកង់កម្មវិធី Tour de Suisse 2025 បានបន្តឈានដល់ដំណាក់កាលទី៤ហើយ ដែលបានធ្វើឡើងកាលពីម្សិលមិញ ចាប់ពីតំបន់ Heiden ទៅកាន់តំបន់ Piuro ប្រទេសស្វីស។

ការប្រកួតដែលមានចម្ងាយផ្លូវប្រមាណ ១៩៣,២ គីឡូម៉ែត្ររវាងតំបន់ទាំង២ខាងដើមនោះ គេក៏បានរកឃើញអ្នកឈ្នះដែរ គឺកីឡាករព័រទុយហ្កាល់ João Almeida ដោយសមាជិកក្រុម UAE Emirates បានចាយពេលអស់ ៤ម៉ោង ១០នាទី និង១វិនាទី។ កីឡាករអង់គ្លេស Oscar Onley សមាជិកក្រុម Picnic PostNL បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ៤០វិនាទី ហើយកីឡាករ អូស្ត្រាលី Ben O’Connor សមាជិកក្រុម Jayco–AlUla បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ៤២វិនាទី។

នៅតារាងពេលវេលាសរុបវិញ កីឡាករបារាំង Romain Grégoire កាន់ចង្កូតអោយក្រុម Groupama–FDJ ជាអ្នកកាន់កាប់កំពូលតារាង ប្រើពេលអស់១៥ម៉ោង ៣៧នាទី និង២០វិនាទី។

ការប្រណាំងកង់កម្មវិធី Tour de Suisse 2025 មានទាំងអស់ ៨ដំណាក់កាល ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី ១៥ ដល់ ២២ ខែមិថុនា នាប្រទេសស្វីស។ សម្រាប់ការប្រកួតជាបន្តដំណាក់កាលទី ៥ នឹងធ្វើឡើងនាថ្ងៃនេះ ចាប់ពីតំបន់ La Punt ទៅកាន់តំបន់ Santa Maria in Calanca មានចម្ងាយផ្លូវប្រមាណ ១៨៣,៨ គីឡូម៉ែត្រ។

សូមបញ្ជាក់ដែរថា កម្មវិធី Tour de Suisse គឺជាទីលានទី២៤ ក្នុងចំណោម ៣៦នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង