×

កីឡាករលេខ១ពិភពលោក Jannik Sinner ធ្លាក់ត្រឹមជុំទី២ ការប្រកួតវាយកូនបាល់កម្មវិធី Halle Open 2025

កីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner បានរងបរាជ័យត្រឹមជុំទី២ នៃការប្រកួតវាយកូនបាល់កម្មវិធី Halle Open 2025។

ជាក់ស្តែង កីឡាករវ័យ២៣ឆ្នាំបានជួបប្រកួត និង ចាញ់ក្រោមថ្វីដៃកីឡាករដែលកំពុងឈរលេខ៤៥ពិភពលោកមកពីកាហ្សាក់ស្ថាន Alexander Bublik តាមរយៈលទ្ធផល 3-6 6-3 និង 6-4។

ការបរាជ័យចុងក្រោយរបស់ Jannik Sinner ក្រោមថ្វីដៃកីឡាករដែលស្ថិតនៅក្រៅចំណាត់ថ្នាក់កំពូលទាំង២០ របស់ពិភពលោក គឺចាញ់កីឡាករ Dusan Lajovic ដែលកាលណោះ កីឡាករសែបស្ថិតនៅចំណាត់ថ្នាក់លេខ៦៦ ក្នុងពានរង្វាន់ Cincinnati Open តាំងពីខែសីហា ឆ្នាំ២០២៣។

សម្រាប់ Alexander Bublik ដែលទទួលជ័យជំនះនឹងបន្តឡើងទៅកាន់ វគ្គ៨នាក់ចុងក្រោយជួបកីឡាករឆេក Tomáš Macháč ដែលបានទម្លាក់កីឡាករហុងគ្រី Fábián Marozsán។

រីឯកីឡាករម្ចាស់ផ្ទះអាល្លឺម៉ង់ Alexander Zverev ដែលកំពុងឈរលេខ៣ពិភពលោក បានយកឈ្នះកីឡាករអ៊ីតាលី Lorenzo Sonego នៅក្នុងការប្រកួត ជុំទី២ ដោយលទ្ធផល 3-6 6-4 និង 7-6។

កីឡាករ Alexander Zverev នឹងបន្តឡើងវគ្គ៨នាក់ជួបកីឡាករអ៊ីតាលីមួយរូបទៀតគឺកីឡាករFlavio Cobolli ដែលបានយកឈ្នះកីឡាករកាណាដា Denis Shapovalov។

ការប្រកួត១គូទៀតគឺកីឡាករអាហ្សង់ទីន Tomás Martín Etcheverry បានយកឈ្នះកីឡាកររុស្ស៊ី Andrey Rublev នៅក្នុងការប្រកួតជុំទី២ដោយលទ្ធផល 6-3 6-7 និង 7-6។

កីឡាករ Tomás Martín Etcheverry នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយ ជួបកីឡាកររុស្ស៊ីមួយរូបទៀតដែរ គឺកីឡាករ Karen Khachanov ដែលបានយកឈ្នះកីឡាករកាណាដា Félix Auger-Aliassime៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង