×

Boca Juniors បន្តការតវ៉ាជាមួយ FIFA ករណីដាក់ពិន័យកីឡាករខ្លួន២រូបនៅ Club World Cup 2025

ក្រុមអាហ្សង់ទីន Boca Juniors បានបន្តការតវ៉ាជាមួយ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលបានដាក់ពិន័យ៤ប្រកួត ទៅលើកីឡាករខ្លួន២រូបគឺ ខ្សែបម្រើ Ander Herrera និងខ្សែការពារ Nicolas Figal ចំពោះការទទួលកាតក្រហម អំឡុងជំនួបវគ្គចែកពូល C ដែលបញ្ចប់ដោយលទ្ធផលស្មើ ២-២ ទល់នឹងក្រុមក្រុមព័រទុយហ្កាល់ Benfica នៅ Club World Cup 2025។

ចំពោះការពិន័យចំនួន ៤ប្រកួត លើកីឡាករខ្លួននោះ ក្រុម Boca Juniors បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យរបស់ FIFA។

កីឡាករអេស្ប៉ាញ Ander Herrera ទទួលបានកាតក្រហម ដោយរូបគេត្រូវបានផ្លាស់ប្តូរចេញដោយបញ្ហារបួសសាច់ដុំ ប៉ុន្តែក្រោយពេលប្តូរចេញ គេបានទៅតវ៉ាជាមួយនឹងអាជ្ញាកណ្តាល លោក Cesar Ramos ដែលសម្រេចចិត្តផ្តល់បាល់ពិន័យ ១១ម៉ែត្រដល់ក្រុម Benfica។

ចំណែកឯ កីឡាករអាហ្សង់ទីន Nicolas Figal វិញ បានកាតក្រហមបណ្តេញចេញទី២ នៅនាទី៨៨ បន្ទាប់រូបគេបានប៉ះទង្គិចលើកីឡាករ Florentino Luis ខណៈការប្រកួតមានភាពតានតឹងខ្លាំងក្នុងលទ្ធផលស្មើ ២-២។

គិតត្រឹមជុំទី១ ពូល C ក្រុម Bayern Munich ឈរកំពូលតារាងមាន ៣ពិន្ទុ ខណៈ Benfica នៅលេខ២ Boca Juniors នៅលេខ៣ មាន ១ពិន្ទុដូចគ្នា ហើយ ក្រុមនូវែលហ្សេឡង់ Auckland City នៅបាតតារាង មាន០ពិន្ទុ។ ការប្រកួតបន្ទាប់ Boca Juniors នឹងត្រូវជួប Bayern Munich ក្នុងកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami នៅថ្ងៃទី២០ ខែមិថុនា ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង