×

គ្រូ Real Madrid ថា ត្រូវការពេលវេលាដើម្បីកែសម្រួលក្រុមឡើងវិញ

Real Madrid ប្រកួតស្មើ Al Hilal ១-១ កាលពីជំនួបបើកឆាក ពូល H ពានរង្វាន់ FIFA Club World Cup 2025 ក្នុងនាមជាគ្រូបង្វឹកថ្មី លោក Xabi Alonso ហាក់ដឹកនាំក្រុមមិនសូវល្អ ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញ ថា ត្រូវការពេលកែសម្រួលក្រុមឡើងវិញ។

មុនទទួលតំណែងគ្រូបង្វឹក Real Madrid បុរសវ័យ ៤៣ឆ្នាំ ដែលភាគច្រើនត្រូវគេរំពឹងថានឹងកែប្រែក្រុមអធិរាជស អោយរកឃើញទម្រង់លេងខ្លាំងឡើងវិញ បន្ទាប់ពីលោកបានដឹកនាំក្រុមអាល្លឺម៉ង់ Bayer Leverkusen ជោគជ័យរយៈពេលជាង ២រដូវកាល។

ជំនួបស្មើលទ្ធផល ១-១ ទល់នឹង Al Hilal ធ្វើអោយ Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Xabi Alonso ពុំសូវរីករាយនោះឡើយ ប៉ុន្តែលោក Xabi Alonso និយាយថាក្រុមត្រូវការពេលបន្ថែម ដើម្បីកែខៃចំណុចខ្វះខាត។

ជុំវិញរឿងនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានអោយដឹងថា “យើងដឹងថារឿងខ្លះគឺទាមទារពេលវេលា យើងត្រូវការកែតម្រូវចំណុចខ្វះខាត និងភាពល្អិតល្អន់មួយចំនួន។ រឿងគ្រប់យ៉ាងតែងតែទាមទារពេលវេលា។ វាមិនយូរថ្ងៃទេ ដែលខ្ញុំបានចូលមកកាន់ការងារនៅ Real Madrid ដូច្នេះវាកំពុងតែវិវឌ្ឍន៍ទៅមុខ។”

បញ្ចប់ការប្រកួតជុំទី១ ពូល H ត្រឹមលទ្ធផលស្មើ ធ្វើ Real Madrid និង Al Hilal ចែកគ្នាម្នាក់ ១ពិន្ទុ ហើយ Real Madrid ឈរលេខ ២ បណ្តោះអាសន្ន ហើយ Al Hilal ឈរលេខ ៣។

ចំណែកឯ ក្រុមអូទ្រីស FC Salzburg ជាក្រុមឈរកំពូលតារាង បន្ទាប់ពីពួកគេបានយកឈ្នះការប្រកួតទល់នឹងក្រុមម៉ិកស៊ិក Pachuca លទ្ធផល ២-១។

ការប្រកួតជាបន្តរបស់ Real Madrid គឺនឹងត្រូវជួបជាមួយ Pachuca នាកីឡដ្ឋាន Bank of America Stadium ទីក្រុង Charlotte សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង