
ការប្រណាំងកង់កម្មវិធី Tour de Suisse 2025 បានឈានដល់ដំណាក់កាលទី៨ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ចាប់ពីតំបន់ Beckenried ទៅកាន់តំបន់ Stockhütte ប្រទេសស្វីស។
ការប្រកួតនេះ មានចម្ងាយផ្លូវតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ ហើយក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះផងដែរ គឺកីឡាករព័រទុយហ្កាល់ João Almeida មកពីក្រុម UAE Emirates ដោយប្រើពេលអស់ ២៧នាទី និង ៣៣វិនាទី។
ក្រៅពីទទួលជ័យជំនះដំណាក់កាលផ្តាច់ព្រ័ត្រនេះហើយ កីឡាករ João Almeida ក៏កាន់តែមានភាពរីករាយថែមទៀត ដោយរូបគេបានដណ្តើមយកតំណែងជើងឯកនៃកម្មវិធីទាំងមូល ដោយការជិះចំនួន ៨ដំណាក់កាលកន្លងមក កីឡាករវ័យ២៦ឆ្នាំ បានចាយពេលវេលាសរុប អស់ ២៩ម៉ោង ២៩នាទី និង ១វិនាទី។
កីឡាករបារាំង Kévin Vauquelin យកបានចំណាត់ថ្នាក់លេខ២ នៃកម្មវីធីទាំងមូល ដោយយឺតជាងអ្នកឈ្នះជើងឯក ១នាទី និង ៧វិនាទី ហើយកីឡាករអង់គ្លេស Oscar Onley មកពីក្រុម Picnic PostNL យកបានចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ វិនាទី ៥៨វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Tour de Suisse គឺជាទីលានទី ២៤ ក្នុងចំណោម ៣៦ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។ ការប្រកួតជាបន្តគឺជាការប្រកួតកម្មវិធីធំតែម្តង គឺកម្មវិធី Tour de France ដែលធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ ២៧ ខែមិថុនា ខាងមុខ នាប្រទេសបារាំង៕