×

ក្រោយទទួលតំណែងជាផ្លូវការ ប្រធាន IOC ថ្មីប្តេជ្ញាពង្រឹងវិសាលភាពនៃកីឡាអូឡាំពិក

លោកស្រី Kirsty Coventry បានទទួលការផ្ទេរតំណែងជាប្រធានគណៈកម្មាធិការអូឡាំពិកថ្មីហើយ ដោយបន្តតំណែងពីលោក Thomas Bach ខណៈពិធីផ្ទេរតំណែងធ្វើឡើង នាទីស្តាក់ការកណ្តាលរបស់ IOC នាទីក្រុង Lausanne ប្រទេសស្វីស។

ក្រោយទទួលបានតំណែងជាប្រធាន IOC ថ្មី លោកស្រី Kirsty Coventry បានប្តេជ្ញាពង្រឹង និងពង្រីកវិសាលភាពនៃការប្រកួត ។ IOC បង្កើតប្រាក់ចំណូលជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំពីការឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្មសម្រាប់កីឡាអូឡាំពិករដូវក្តៅ និងរដូវរងា។

ស្ត្រីវ័យ៤១ឆ្នាំ ត្រូវការការបោះឆ្នោតតែមួយជុំប៉ុណ្ណោះដើម្បីឈ្នះតំណែងប្រធាន IOC ថ្មី ដោយបានផ្តួលបេក្ខជន៦រូបផ្សេងទៀត។ ឥឡូវនេះ លោកស្រី Kirsty Coventry ទទួលបានសោមាសនៅ IOC ដោយលោក Thomas Bach ដែលបានទទួលបន្ទុកដឹកនាំស្ថាប័ននេះអស់រយៈពេល ១២ ឆ្នាំមកហើយ។

លោកស្រី Coventry បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិក IOC ថា “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលខ្ញុំបានដើរលើការធ្វើដំណើរនេះជាមួយអ្នក។ ខ្ញុំមិនអាចរង់ចាំអ្វីដែលនៅខាងមុខនោះទេ។ខ្ញុំដឹងថាខ្ញុំមានក្រុមល្អបំផុតដើម្បីគាំទ្រខ្ញុំ និងចលនាអូឡាំពិករបស់យើងក្នុងរយៈពេល៨ឆ្នាំខាងមុខ។”

លោកស្រី Coventry ក៏នឹងរៀបចំសិក្ខាសាលា ដើម្បីទទួលបានមតិកែលម្អពីសមាជិកអំពីបញ្ហាសំខាន់ៗរបស់ IOC។

លោកស្ត្រីបានបន្ថែមថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកគ្រប់គ្នាដើម្បីធ្វើអោយប្រាកដថាយើងបន្តបំផុសគំនិត បន្តផ្លាស់ប្តូរជីវិត ហើយនៅក្នុងពិភពលោកដែលកំពុងបែកបាក់គ្នានាពេលបច្ចុប្បន្ននេះ បន្តក្លាយជាសញ្ញានៃក្តីសង្ឃឹម។”

លោកស្រី Coventry ធ្លាប់ជាអត្តពលិកដែលឈ្នះមេដាយអូឡាំពិកចំនួន៧ ដង លើកីឡាហែលទឹក។ លោកស្រីនឹងចាប់ផ្តើមការដឹកនាំរយៈពេល៨ឆ្នាំ ជាផ្លូវការ ក្នុងនាមជាអ្នកគ្រប់គ្រងស្ថាប័នកីឡាអន្តរជាតិដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ លោកស្រីក៏បានក្លាយជាស្ត្រីដំបូងគេនិងជាជនជាតិអាហ្វ្រិកដំបូងគេដែលត្រូវបានជ្រើសរើសជាប្រមុខនៃ IOC ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង