
ការប្រកួតវាយកូនបាល់ទីលានវាលស្មៅ កម្រិត ATP 250 កម្មវិធី Mallorca Open 2025 បានបន្តដល់ជុំទី២ហើយ ដែលការប្រកួត ធ្វើឡើងនាទីក្រុង Santa Ponsa ប្រទេសអេស្ប៉ាញ។
នៅក្នុងនោះកីឡាករកាណាដា Félix Auger-Aliassime បានទទួលជ័យជំនះទៅលើកីឡាករបារាំង Arthur Rinderknech តាមរយៈលទ្ធផល 7-5 និង 6-3។
Félix Auger-Aliassime នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយជួបកីឡាករសែប Hamad Medjedovic ដែលបានយកឈ្នះកីឡាកររុស្ស៊ី Roman Safiullin ។
១គូទៀតគឺកីឡាករហូឡង់ Tallon Griekspoor បានយកឈ្នះកីឡាករអាមេរិក Ethan Quinn នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 7-5 និង 6-4 ដើម្បីឡើងមកកាន់វគ្គ៨នាក់ចុងក្រោយជួបកីឡាករកាណាដា Gabriel Diallo ដែលបានយកឈ្នះកីឡាករសែប Laslo Djere។
ចំណែកឯកីឡាករម្ចាស់ផ្ទះ Roberto Bautista Agut ទើបតែបន្តឡើងមកកាន់ការប្រកួតជុំទី២តែប៉ុណ្ណោះ បន្ទាប់ពីយកឈ្នះកីឡាករអាហ្សង់ទីន Tomás Martín Etcheverry នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 5-7 6-3 និង 6-2។
Roberto Bautista Agut នឹងបន្តមកជួបកីឡាករអូស្ត្រាលី Bernard Tomic ដែលបានទម្លាក់កីឡាករ Rinky Hijikata ជនជាតិអូស្ត្រាលីដូចគ្នា។
សូមបញ្ជាក់ថា កម្មវិធី Mallorca Open ឆ្នាំ២០២៥នេះ គឺជាការដំណើរការលើកទី៤ប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែមិថុនា។ កីឡាករឈីលី Alejandro Tabilo គឺជាអ្នកការពារតំណែងជើងឯកការប្រកួតឆ្នាំនេះ ប៉ុន្តែរូបគេមិនជ្រើសរើសមកចូលរួមការប្រកួតនោះទេ៕