×
ព័ត៌មានថ្មី

ក្លិប Lyon ត្រូវបានកាត់ទម្លាក់ទៅលីគទី២បារាំង ដោយសារបញ្ហាហិរញ្ញវត្ថុ

ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង DNCG បានសម្រេចចិត្តកាត់ទម្លាក់ក្លិប Lyon ទៅកាន់ក្របខណ្ឌទីពីរ Ligue 2 បន្ទាប់ពីក្លិបមានបញ្ហាហិរញ្ញវត្ថុ។

ក្រោយការធ្វើសវនកម្ម បានបង្ហាញថា ក្លិប Lyon មានបំណុលជាង ៥០០ លានអឺរ៉ូ ហើយពួកគេមិនបានជម្រះបំណុលដែលមានតាមពេលកំណត់។ ថ្នាក់ដឹកនាំរបស់ Lyon រួមទាំងម្ចាស់ក្លិបលោក John Textor ផងនោះ បានជួបជាមួយ DNGC ប៉ុន្តែបានបរាជ័យក្នុងការបញ្ចុះបញ្ចូលស្ថាប័ននេះថា ក្លិបបានកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេអោយបានគ្រប់គ្រាន់ដើម្បីគេចផុតពីទណ្ឌកម្ម។

កាលពីខែតុលាឆ្នាំមុន សាជីវកម្ម Eagle Football Group របស់លោក John Textor ដែលមានភាគហ៊ុន ៧៧ភាគរយ នៅក្នុងក្លិប Lyon បានប្រកាសបំណុលចំនួន ៤២២ លានផោន។ ការកាត់ចោលរបស់ក្លិប Lyon អាចបង្ហាញពីក្តីសង្ឃឹមទៅកាន់ក្លិបអង់គ្លេស Crystal Palace ក្នុងការលេងនៅពានរង្វាន់ UEFA Europa League នៅរដូវកាលក្រោយ។ មូលហេតុគឺដោយសារក្លិបទាំង២មានម្ចាស់តែមួយ ហើយតាមច្បាប់របស់ UEFA គឺមិនតម្រូវអោយក្លិបដែលមានម្ចាស់តែមួយអាចលេងពានរង្វាន់អឺរ៉ុបដូចគ្នាបានទេ។

លោក Textor បានកាន់កាប់ភាគហ៊ុននៅក្នុងក្លិបទាំងពីរ ទោះបីជាលោកបានយល់ព្រមលើកិច្ចព្រមព្រៀងលក់ភាគហ៊ុន ៤៣ភាគរយ នៅឯ Crystal Palace កាលពីពេលកន្លងទៅក៏ដោយ។

Lyon ដែលបានគ្រងជើងឯកលីគកំពូលបារាំងចំនួន៧ដងជាប់ៗគ្នា ចន្លោះឆ្នាំ ២០០២ និង ២០០៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ UEFA Europa League នៅរដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងការប្រកួត Ligue 1 2024-25។ រីឯ Crystal Palace ឈ្នះកៅអីក្របខណ្ឌ Europa League រដូវកាល ២០២៥-២៦ តាមរយៈការឈ្នះពានរង្វាន់ FA Cup លទ្ធផល ១-០ ទល់នឹង Man City។

ដោយឡែក ម្ចាស់ក្លិប Lyon លោក John Textor មានឱកាសអាចប្តឹងឧទ្ធរណ៍បាននៅខណ:នេះ។ បើសិនជាឈ្នះក្តី នោះក្លិប Lyon អាចបន្តលេងនៅក្របខណ្ឌ Ligue 1 បានតែបើមិនដូច្នោះទេគឺត្រូវលេងនៅក្របខណ្ឌទីពីរនៅរដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង