×

អ្នកប្រដាល់ Manny Pacquiao ហ្វឹកហាត់ត្រៀមឡើងសង្វៀនទល់នឹងកីឡាករអាមេរិក Mario Barrios

កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានរៀបចំការហ្វឹកហ្វាត់របស់ខ្លួននៅទីក្រុង Los Angeles មុនការប្រកួតដណ្តើមខ្សែក្រវាត់ ទល់នឹងកីឡាករអាមេរិក Mario Barrios ដណ្តើមខ្សែក្រវាត់ WBC Welterweight ។

ម្ចាស់ជើងឯកពិភពលោក ៨ សម័យកាលបានប្រកាសវិលមកសង្វៀនវិញកាលពីដើមឆ្នាំនេះ បន្ទាប់ពីចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំមុន។

Pacquiao បានប្រាប់ Reuters ថា រាងកាយនៅមានភាពរឹងមាំល្អ ហើយក៏មានអារម្មណ៍ល្អណាស់ក្នុងការហ្វឹកហាត់ ប៉ុន្តែបានសារភាពថា រូបលោកត្រូវតែធ្វើការកែតម្រូវខ្លះៗទាក់ទងនឹងការស្តាររាងកាយឡើងវិញ ខណៈដែលលោកត្រូវចូលប្រកួតក្នុងវ័យ ៤៦ឆ្នាំទៅហើយ។

គូប្រកួតរបស់ Manny Pacquiao គឺអ្នកប្រដាល់ Mario Barrios វ័យ៣០ឆ្នាំ មានប្រវត្តិប្រកួតចំនួន ៣២ ដង ឈ្នះ ២៩ ដង ដោយផ្តួលគូប្រកួតអោយសន្លប់ ១៨ ដង ចាញ់ ២ ដង និង ស្មើ១ដង។

ការហ្វឹកហាត់ ជាមួយគ្រូបង្វឹក Buboy Fernandez រួចមកនោះ Pacquiao បាននិយាយថា ការ ផ្តោតអារម្មណ៍គឺសំខាន់ដើម្បីជាការត្រៀមខ្លួនសម្រាប់ប្រកួតទល់ Barrios ដែលមានវ័យនៅក្មេងជាងលោកច្រើន។

ចូលក្នុងការប្រកួតនេះ Manny Pacquiao ដែលមានកំណត់ត្រា ជាកីឡាករប្រកួតដណ្តើមខ្សែក្រវាត់ WBC Welterweight ដែលមានវ័យចាស់ជាងគេក្នុងប្រវត្តិសាស្ត្រ ដែលសាងឡើងនៅអាយុ៤០ឆ្នាំ កាលពីឆ្នាំ២០១៩នោះ អាចនឹងបំបែកកំណត់ត្រាចាស់របស់លោកម្តងទៀត បើសិនជាលោកអាចយកឈ្នះ Mario Barrios បាន។

សម្រាប់ការប្រកួតរវាង Manny Pacquiao ទល់នឹង Mario Barrios នឹងធ្វើឡើងនាសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែកក្កដា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង