គ្រូបង្វឹក River Plate លោក Marcelo Gallardo បង្ហើបថា ធ្លាប់អញ្ជើញ ខ្សែប្រយុទ្ធ Cristiano Ronaldo មកចូលរួមក្រុម នៅមុនពេលការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ប៉ុន្តែកីឡាករវ័យ៤០ឆ្នាំ ច្រានចោលសំណើរបស់ខ្លួន។
គ្រូបង្វឹកក្លិប River Plate ថា កីឡាករសញ្ជាតិព័រទុយហ្កាល់ បានច្រានចោលសំណើរបស់លោក ហើយឆ្លើយតបវិញ រូបគេត្រូវការពេលវេលាត្រៀមខ្លួនប្រកួតអោយក្រុម Al Nassr នៅរដូវកាលក្រោយ។
គោលបំណងរបស់លោក Gallardo ចង់បានកីឡាករវ័យ ៤០ឆ្នាំ ទៅរួមក្រុម គឺត្រឹមតែក្នុងនាមខ្ចីជើងរយៈពេលខ្លីប៉ុណ្ណោះ ពុំទិញដាច់ឡើយ។
ច្បាប់ FIFA ក៏បានអនុញ្ញាតអោយក្រុមក្នុងការប្រកួត Club World Cup ទាំងអស់ អាចនាំយកកីឡាករចូលរួមក្រុមក្នុងនាមខ្ចីជើងរយៈពេលខ្លីបាន។
កន្លងមក លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្លាប់បង្ហាញបំណងចង់ឃើញវត្តមានរបស់ Ronaldo លេងក្នុងពានរង្វាន់ Club World Cup ឆ្នាំ២០២៥ ដើម្បីជួយបង្កើតចំណាប់អារម្មណ៍ការប្រកួត។
កត្តាដែលធ្វើអោយ Ronaldo ពុំអាចបង្ហាញខ្លួនលេងនៅ Club World Cup បានក៏ព្រោះតែរូបគេ ពុំចង់ចាកចេញពី Al Nassr ដោយពួកគេជាក្រុមដែលហ៊ានចំណាយលើប្រាក់ឈ្នួលកីឡាកររូបនេះ៕