កីឡាករអេស្តូនី Ott Tänak បានទទួលជ័យជំនះនៅក្នុងការប្រណាំងរថយន្ត កម្មវិធី Acropolis Rally Greece ដែលធ្វើឡើងនាតំបន់ Lygaria ប្រទេសក្រិច។
ក្នុងការប្រកួត៣ថ្ងៃកន្លងមក ឆ្លងកាត់ឧបសគ្គពិបាកផ្លូវគ្រួសរដឹក និង អាកាសធាតុក្តៅហែង ដែលមានចម្ងាយសរុបប្រមាណ ៣៤៥,៧៦គីឡូម៉ែត្រ កីឡាករ Ott Tänak ដែលកាន់ចង្កូតអោយក្រុម Hyundai Shell Mobis បានបញ្ចប់ទីព្រ័ត្រមុនគេ ប្រើពេលអស់ ៤ម៉ោង ១២នាទី និង ២០វិនាទី ចុច១។ នេះជាជ័យជំនះដំបូងដែល Ott Tänak បាននាំយកមកអោយក្រុម Hyundai Shell Mobis នៅក្នុងការប្រកួតរដូវកាល ២០២៥នេះ ខណៈការប្រកួតកន្លងមកជ័យជំនះបានតែទៅលើកីឡាករមកពីក្រុម Toyota Gazoo Racing តែប៉ុណ្ណោះ។ សម្រាប់ចំណាត់ថ្នាក់លេខ២ នៃការប្រកួតបានទៅលើកីឡាករបារាំង Sebastien Ogier មកពីក្រុម Toyota Gazoo Racing យឺតជាងអ្នកលេខ១ ៣២វិនាទី ចុច៨ ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករបារាំង Adrien Fourmaux មកពីក្រុម Hyundai Shell Mobis ដោយយឺតជាងអ្នកលេខ១ ៣នាទី ៩វិនាទី ចុច៨។
នៅតារាងពិន្ទុសរុបវិញ កីឡាករអង់គ្លេស Elfyn Evans មកពីក្រុម Toyota Gazoo Racing នៅបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលតារាងដដែល មាន១៥០ពិន្ទុ ខណៈ កីឡាករបារាំង Sébastien Ogier នៅលេខ២ មាន ១៤១ពិន្ទុ ហើយកីឡាករ Ott Tänak នៅលេខ៣ មាន ១៣៨ពិន្ទុ ។
សូមបញ្ជាក់ថា កម្មវិធី Acropolis Rally Greece គឺជាទីលានទី៧ ក្នុងចំណោម១៤នៃការប្រណាំងរថយន្ត ពានរង្វាន់ World Rally Championship ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥។ ការប្រកួតជាបន្ត ជាកម្មវិធី Rally Estonia ធ្វើឡើងចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែកក្កដា ខាងមុខ នាទីតំបន់ Tartu ប្រទេសអេស្តូនី៕