×

កីឡាករអង់គ្លេស Lando Norris ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Austrian Grand Prix

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ បានបន្តមកដល់ ដំណាក់កាលទី១១ ហើយ ដែលជាកម្មវិធី Austrian Grand Prix។

ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Red Bull Ring ស្ថិតក្នុងទីក្រុង Spielberg ប្រទេសអូទ្រីស ដោយកីឡាករទាំងអស់ត្រូវធ្វើការជិះចំនួន៧០ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 302.692 គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករអង់គ្លេស Lando Norris កាន់ចង្កូតអោយក្រុម McLaren-Mercedes ជាអ្នកទទួលបានជ័យជំនះ ដោយប្រើពេលអស់ ១ម៉ោង ២៣នាទី និង ៤៧វិនាទី ចុច៦៩៣។ កីឡាករអូស្ត្រាលី Oscar Piastri កាន់ចង្កូតអោយក្រុម McLaren-Mercedes ដូចគ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង អ្នកលេខ១ ២វិនាទី ចុច៦៩៥ ហើយកីឡាករម៉ូណាកូ Charles Leclerc កាន់ចង្កូតអោយក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ១៩វិនាទី ចុច៨២០។

យ៉ាងណា នៅតារាងពិន្ទុសរុបវិញ កីឡាករ Oscar Piastri កំពុងឈរកំពូលតារាង មាន ២១៦ពិន្ទុ ខណៈកីឡាករ Lando Norris នៅលេខ២ មាន ២០១ ពិន្ទុ ហើយកីឡាករហូឡង់ Max Verstappen នៅលេខ៣ មាន ១៥៥ពិន្ទុ។

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ នឹងបន្តឈានទៅកាន់ដំណាក់កាលទី ១២ ដែលជាកម្មវិធី British Grand Prix ធ្វើឡើងនាថ្ងៃទី ៦ ខែកក្កដា ខាងមុខ នាទីក្រុង Silverstone ប្រទេសអង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង