
កីឡាករអេស្ប៉ាញ Carlos Gimeno បានទទួលជ័យជំនះ នៅក្នុងដំណាក់កាលទី២ នៃការប្រកួតកីឡាលោតទឹកកម្មវិធី Red Bull Cliff Diving World Series 2025។
ការប្រកួតនេះ បានធ្វើឡើងនាតំបន់ Polignano a Mare ប្រទេសអ៊ីតាលី ដោយអ្នកចូលរួមទាំងអស់ត្រូវធ្វើការលោតចេញពីចំណោតថ្ម ដែលមានកម្ពស់ដល់ទៅ ២៧ម៉ែត្រ ហើយពួកគេត្រូវធ្វើការបញ្ចេញក្បាច់ហក់លោតចាក់គួរដ៏ទាក់ទាញ ដើម្បីទទួលបានពិន្ទុខ្ពស់។
នៅក្នុងនោះដែរ កីឡាករ Carlos Gimeno ជាអ្នកធ្វើបានល្អជាងគេ ដោយការលោតចំនួន៤ដងរូបគេ ទទួលបានពិន្ទុដល់ទៅ ៤០៣,៤៥។ កីឡាករបារាំង Gary Hunt ទទួលបានចំណាត់ថ្នាក់លេខ២ មានពិន្ទុ ៣៦៥,៣ ហើយកីឡាករម៉ិកស៊ិក Jonathan Paredes ទទួលបានចំណាត់ថ្នាក់លេខ៣ មានពិន្ទុ ៣៦៥,០៥។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ ក៏ត្រូវលោតបញ្ចេញក្បាច់ដូចខាងផ្នែកបុរស ប៉ុន្តែត្រូវលោតពីចំណោតត្រឹមកម្ពស់ ២១ ម៉ែត្រ។
ជាលទ្ធផលគឺ កីឡាការិនីអូស្ត្រាលី Rhiannan Iffland ជាអ្នកទទួលបានជ័យជំនះលេខ១ ដោយមាន ៣៤១,៦ពិន្ទុ។ កីឡាការិនីកាណាដា Simone Leathead ទទួលបានចំណាត់ថ្នាក់លេខ២ មាន ៣៣៣ ពិន្ទុ ហើយកីឡាការិនី អាមេរិក Lisa Faulkner ទទួលបានចំណាត់ថ្នាក់លេខ៣ មាន ២៩៩,៨៥ពិន្ទុ។
សូមបញ្ជាក់ថា ការប្រកួតកីឡាលោតទឹកកម្មវិធី Red Bull Cliff Diving World Series បានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ២០០៩ បើគិតមកដល់ពេលនេះ វាជាការដំណើរការលើកទី១៧ហើយ។ ការប្រកួតក្នុងឆ្នាំនេះមាន ទាំងអស់ ៤ដំណាក់កាល។
សម្រាប់ដំណាក់កាលជាបន្តនឹងធ្វើឡើងនាតំបន់ Stari Most Mostar ប្រទេសប៊ូស្នី ចាប់ពីថ្ងៃទី ៥-៦ ខែកញ្ញាខាងមុខ៕