
ការប្រកួតវាយកូនបាល់ទីលានវាលស្មៅកម្រិត Grand Slam កម្មវិធី Wimbledon ឆ្នាំ២០២៥ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដែលការប្រកួតធ្វើឡើងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
នៅក្នុងនោះដែរ កីឡាករដែលកំពុងឈរលេខ២ពិភពលោក នឹងជាម្ចាស់ការពារតំណែងជើងឯកនៃកម្មវិធី គឺកីឡាករអេស្ប៉ាញ Carlos Alcaraz បានទទួលជ័យជំនះនៅក្នុងការប្រកួតជុំទី១នេះ ដោយបានយកឈ្នះទៅលើ កីឡាករអ៊ីតាលី Fabio Fognini តាមរយៈលទ្ធផល 7-5, 6-7, 7-5, 2-6 និង 6-1។
Carlos Alcaraz នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករម្ចាស់ផ្ទះ Oliver Tarvet ដែលបានទម្លាក់កីឡាករស្វីស Leandro Riedi។
ចំណែកឯកីឡាករម្ចាស់ផ្ទះ Arthur Fery បានយកឈ្នះកីឡាករអូស្ត្រាលី Alexei Popyrin នៅក្នុងការប្រកួតជុំទី១នេះដែរ ដោយលទ្ធផល 6-4 6-1 4-6 និង 6-4 ។
កីឡាករ Arthur Fery នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករអ៊ីតាលី Luciano Darderi ដែលបានទម្លាក់កីឡាកររុស្ស៊ី Roman Safiullin។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីអាមេរិក Madison Keys បានយកឈ្នះ កីឡាការិនីរ៉ូម៉ានី Elena-Gabriela Ruse នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-7 7-5 និង 7-5។
Madison Keys នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីសែប Olga Danilović ដែលបានទម្លាក់ កីឡាការិនីចិន Zhang Shuai ។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់កម្មវិធី Wimbledon គឺជាការដំណើរការលើកទី ១៣៨ នៅក្នុងប្រវត្តិសាស្ត្រ ដោយធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ ១៣ ខែកក្កដា ឆ្នាំ ២០២៥។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៧លាន ៣សែនដុល្លារឯណោះ៕