
កីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner បានទទួលជ័យជំនះនៅក្នុងការប្រកួតជុំទី២ នៃការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2025 ដែលធ្វើឡើងនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ជាក់ស្តែង កីឡាករវ័យ២៣ឆ្នាំ បានជួបប្រកួតនឹងយកឈ្នះកីឡាករអូស្ត្រាលី Aleksandar Vukic តាមរយៈលទ្ធផល 6-1 6-1 និង 6-3 ។
Jannik Sinner នឹងបន្តឡើងទៅកាន់ជុំទី៣ជួបជាមួយកីឡាករ អេស្ប៉ាញ Pedro Martínez ដែលបានយកឈ្នះកីឡាករអាហ្សង់ទីន Mariano Navone។
ចំណែកឯកីឡាករក្រូអាត Marin Čilić បានយកឈ្នះ ទៅលើកីឡាករម្ចាស់ផ្ទះ Jack Draper នៅក្នុងការប្រកួតជុំទី២ដោយលទ្ធផល 6-4 6-3 1-6 និង 6-4។
Marin Čilić នឹងបន្តឡើងទៅកាន់ជុំទី៣ជួបជាមួយកីឡាករអេស្ប៉ាញ Jaume Munar ដែលបានយកឈ្នះកីឡាករហុងគ្រី Fábián Marozsán។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនី Jéssica Bouzas Maneiro ជនជាតិអេស្ប៉ាញ បានយកឈ្នះកីឡាការិនី Sofia Kenin ជនជាតិអាមេរិក នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-1 និង 7-6។
កីឡាការិនី Jéssica Bouzas Maneiro នឹងបន្តឡើងទៅកាន់ជុំទី៣ ជួបជាមួយកីឡាការិនីអ៊ុយក្រែន Dayana Yastremska ដែលបានទម្លាក់កីឡាការិនីរុស្ស៊ី Anastasia Zakharova៕