×

Cristiano Ronaldo គ្រោងធ្វើដំណើរទៅហុងកុង ដើម្បីបើកដំណើរការសារមន្ទីររបស់ខ្លួន

ខ្សែប្រយុទ្ធ Cristiano Ronaldo គ្រោងធ្វើដំណើរទៅទស្សនកិច្ចនៅលើទឹកដីហុងកុង ដើម្បីចូលរួមបើកដំណើរការផ្លូវការ សារមន្ទីរថ្មីរបស់ខ្លួន ដែលជាទីកន្លែងតាំងបង្ហាញ រៀបរាប់អំពីដំណើរជីវិតក្នុងអាជីពរបស់រូបគេផ្ទាល់ក្នុងវិស័យបាល់ទាត់។

បើតាមអ្នកតំណាងរបស់ កីឡាករវ័យ ៤០ឆ្នាំ បានអោយដឹងថា Ronaldo បានជ្រើសរើសយកទីក្រុងហុងកុង ធ្វើជាទីតាំងចុងក្រោយសម្រាប់បង្កើតសារមន្ទីរផ្ទាល់ខ្លួន ដែលមានឈ្មោះថា CR7 Life ដើម្បីបង្ហាញអំពីសកម្មភាព រឿងរ៉ាវជីវិតរបស់គេក្នុងប្រអាជីពបាល់ទាត់ ទៅកាន់អ្នកគាំទ្រជាជនជាតិចិនបានដឹង។

សារមន្ទីរ CR7 Life នឹងបើកនៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Tsim Sha Tsui ថ្ងៃទី៧ ខែកក្កដា ហើយដែលវត្តមានរបស់ កីឡាករប្រធានក្រុមព័រទុយហ្កាល់ ក៏ត្រូវបានគេរំពឹងថា នឹងមាននៅទីនោះដែរ បើទោះជាកាលបរិច្ឆេទពិតប្រាកដនៃការចូលរួមរបស់គេ មិនត្រូវបានបញ្ជាក់ក៏ដោយ។

ទីក្រុងហុងកុងគឺជាជម្រើសដ៏ស័ក្តិសមបំផុតមួយ ដែលកីឡាករព័រទុយហ្កាល់ បានរើសយកធ្វើសារមន្ទីរថ្មីរបស់គេ ហើយទីតាំងក្នុងទីក្រុងហុងកុងទៀតសោត ក៏ជាទីកន្លែងសម្រាប់ផ្តល់រឿងរ៉ាវជីវិតរបស់ Ronaldo ទៅកាន់អ្នកគាំទ្រមិនត្រឹមតែជនជាតិចិនឡើយ ព្រមទាំងអ្នកគាំទ្រទូទាំងទ្វីបអាស៊ី តែម្តង។

បើតាមអ្នករៀបចំសារមន្ទីរ CR7 Life ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអ្នកគាំទ្រ ប្រមាណ ២លាននាក់ ក្នុងមួយឆ្នាំ។ សារមន្ទី CR7 Life ក្នុងទីក្រុងហុងកុង គឺជាសារមន្ទីរទី២ហើយដែលបានបើក ដើម្បីរៀបរាប់ស្តីពីជីវិតរបស់ Cristiano Ronaldo បន្ទាប់ពីសារមន្ទីរទី១ បានបើកកាលពីឆ្នាំ ២០១៣ ដែលមានទីតាំងនា ទីក្រុងកំណើតរបស់ Ronaldo គឺទីក្រុង Funchal ប្រទេសព័រទុយហ្កាល់។

ដោយឡែក កាលពី ២ឆ្នាំមុន ប្រទេសអារ៉ាប៊ីសាអូឌីត ដែល Cristiano Ronaldo កំពុងប្រកបអាជីពជាមួយក្លិប Al Nassr នៅទីនោះ ក៏ធ្លាប់បានស្នើសុំបើកសារមន្ទីររបស់ Cristiano Ronaldo ផងដែរ ហើយក៏មានប្រទេសជាច្រើនទៀត ជុំវិញពិភពលោកបានស្នើសុំទៅកាន់រូបគេដូចគ្នា ប៉ុន្តែចុងក្រោយបែរជាទីក្រុងហុងកុង ដែលជាទីកន្លែងទី២ អាចរៀបចំសារមន្ទីរនេះបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង