ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកបានគ្រាប់ទី៤០០ ក្នុងលីគបានសម្រេច ដោយជួយ AC Milan យកឈ្នះ Roma ក្នុងក្របខណ្ឌ Serie A ដោយលទ្ធផល ២-១ កាលពីយប់មិញ។
ក្នុងការប្រកួតលើទឹកដី របស់ក្រុម Roma នេះ Ibrahimovic វ័យ៤០ឆ្នាំរកបានគ្រាប់បើកឆាកតាមរយៈការទាត់ Free-Kick យ៉ាងស្អាត បើកការនាំមុខមុនអោយ AC Milan នៅនាទី២៦។
មួយគ្រាប់បន្ថែមខាងលើគឺជាគ្រាប់ទី៤០០សម្រាប់ Ibrahimovic នៅក្នុងការប្រកួតគ្រប់លីគទាំងអស់ក្នុងអាជីពរបស់គេ។
តាមពិតទៅ Zlatan Ibrahimovic បានទាត់ចូល១គ្រាប់ទៀតទៅហើយនៅពេលការប្រកួតឈានដល់នាទី៥០នៃវគ្គទី២ ប៉ុន្តែក៏ត្រូវ VAR បដិសេធ ដោយថាជាបាល់ Off-Side។ យ៉ាងណា នាទី៥៧ AC Milan នៅតែរកបានគ្រាប់ទី២ដដែល ដោយកីឡាករ Franck Kessie ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រ។ នៅនាទី៦៦ AC Milan ត្រូវសល់គ្នាតែ១០នាក់ ពេលកីឡាករខ្សែការពារ Theo Hernandez ត្រូវពិន័យកាតលឿងទី២ស្មើកាតក្រហម។
ចំណែកឯក្រុមម្ចាស់ផ្ទះ Roma ពេលឃើញឱកាសល្អថាខ្លួនមានប្រៀបលើចំនួនកីឡាករលើទីលានបែបនេះ ក៏បង្កើនការវាយសម្រុកនឹងតាមបាន១គ្រាប់នៅចុងម៉ោង ដោយខ្សែប្រយុទ្ធ Stephan El Shaarawy ប៉ុន្តែមិនអាចផ្លាស់ប្តូរស្ថានការណ៍បានទេ។ ចប់ការប្រកួត AC Milan ២ Roma ១។
ជ័យជម្នះនេះធ្វើឱ្យ AC Milan ក្លាយជាក្រុមទី៤ នៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអ៊ីតាលី ដែលឈ្នះ ១០លើក នៅក្នុងចំណោម ១១ប្រកួតដំបូងនៃរដូវកាលថ្មី។
ក្រុមដែលធ្លាប់ធ្វើបានដូចនេះមាន Roma Juventus និង Napoli។
៣ពិន្ទុបន្ថែមនេះធ្វើឱ្យ AC Milan បន្តឈរលេខ២ក្នុងតារាងពិន្ទុ Serie A មាន៣១ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Napoli។ រីឯ Roma នៅលេខ៤ មាន១៩ពិន្ទុ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕