
ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ បានបន្តមកដល់ ដំណាក់កាលទី១២ហើយ ដែលជាកម្មវីធី British Grand Prix។
ការប្រកួតបានធ្វើឡើងនាទីលានមានឈ្មោះថា Silverstone Circuit ស្ថិតក្នុងទីក្រុង Silverstone ប្រទេសអង់គ្លេស ដោយក្នុងនោះកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាជិះចំនួន ៥២ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ៣០៦,១៩៨ គីឡូម៉ែត្រ។
ជាលទ្ធផលកីឡាករម្ចាស់ផ្ទះ Lando Norris កាន់ចង្កូតអោយក្រុម McLaren-Mercedes ជាអ្នកទទួលបានជ័យជំនះ ដោយប្រើពេលអស់ ១ម៉ោង ៣៧នាទី និង ១៥វិនាទី ចុច៧៣៥។ កីឡាករ អូស្ត្រាលី Oscar Piastri មកពីក្រុម McLaren-Mercedes ដូចគ្នា បញ្ចប់ទីព្រ័ត្រ លំដាប់ទី២ យឺតជាង អ្នកលេខ ១ ៦វិនាទី ចុច៨១២ ហើយ កីឡាករអាល្លឺម៉ង់ Nico Hülkenberg មកពីក្រុម Kick Sauber-Ferrari ជាអ្នកបញ្ចប់ទីព្រ័ត្រ លំដាប់ទី៣ យឺតជាងអ្នកលេខ១ ៣៤វិនាទី ចុច៧៤២។
នៅតារាងពិន្ទុសរុបវិញ កីឡាករ Oscar Piastri នៅឈរកំពូលតារាង មាន ២៣៤ ពិន្ទុ ខណៈ កីឡាករ Lando Norris នៅលេខ២ មាន ២២៦ពិន្ទុ ហើយកីឡាករហូឡង់ Max Verstappen នៅលេខ៣ មាន ១៦៥ ពិន្ទុ។
ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ នឹងឈានដល់ ដំណាក់កាលទី១៣ ដែលជាកម្មវិធី Belgian Grand Prix ធ្វើឡើង នាទីក្រុង Stavelot ប្រទេសបែលហ្ស៊ីក ថ្ងៃទី ២៧ ខែកក្កដា ខាងមុខ៕