×

កីឡាករបារាំង Sam Laidlow ឈ្នះជើងឯកកីឡាទ្រីយ៉ាត្លុង កម្មវិធី Challenge Roth 2025

ការប្រកួតកីឡាទ្រីយ៉ាត្លុង កម្មវិធី Challenge Roth 2025 បានបញ្ចប់រួចរាល់ហើយ ខណៈការប្រកួតធ្វើឡើង នាទីក្រុង Roth ប្រទេសអាល្លឺម៉ង់។

ការប្រកួត ទ្រីយ៉ាត្លុង កម្មវិធី Challenge Roth នេះមាន៣ដំណាក់កាល ដោយទី១ អ្នកចូលរួមទាំងអស់ ត្រូវធ្វើការហែលទឹក ចម្ងាយប្រមាណ ៣,៨ គីឡូម៉ែត្រ មុនបន្តដល់ដំណាក់កាលទី២ ជាការប្រណាំងកង់ដែលមានចម្ងាយផ្លូវប្រមាណ ១៧៨,៥ គីឡូម៉ែត្រ ហើយដំណាក់កាលចុងក្រោយ ជាការរត់ម៉ារ៉ាតុន។

ជាលទ្ធផលគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃការប្រកួតផងដែរ នោះគឺកីឡាករបារាំង Sam Laidlow ដោយបានចាយពេលអស់ ៧ម៉ោង ២៩នាទី និង ៣៥វិនាទី។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម្ចាស់ផ្ទះ Jonas Schomburg ប្រើពេលវេលាអស់ ៧ម៉ោង ៣១នាទី និង ២៤វិនាទី ខណៈចំណាត់ថ្នាក់លេខ៣ ក៏បានទៅលើម្ចាស់ផ្ទះដែរ គឺកីឡាករ Jan Stratmann ប្រើពេលវេលាអស់ ៧ម៉ោង ៣៧នាទី និង ៥៩វិនាទី។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីម្ចាស់ផ្ទះ Laura Philipp ទទួលបានជ័យជំនះជើងឯកដោយប្រើពេលអស់ ៨ម៉ោង ១៨នាទី និង ១៨វិនាទី។ កីឡាការិនីអូស្ត្រាលី Grace Thek ទទួលបានចំណាត់ថ្នាក់លេខ២ ប្រើពេលអស់ ៨ម៉ោង ៣៧នាទី និង ៣៩វិនាទី ហើយកីឡាការិនីស៊ុយអែត Alanis Siffert ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ៨ម៉ោង ៤១នាទី និង ៤១វិនាទី។

សូមបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ាត្លុង កម្មវិធី Challenge Roth បានចាប់ផ្តើមដំណើរការជាលើកដំបូងនៅឆ្នាំ ២០០៥ បើគិតមកដល់ពេលនេះវាជាការដំណើរការលើកទី២០ហើយ។ Challenge Roth ត្រូវបានចាត់ទុកថាជាកីឡាទ្រីយ៉ាត្លុងចម្ងាយឆ្ងាយ និងធំជាងគេនៅទូទាំងពិភពលោក ដោយទាក់ទាញអ្នកប្រកួតប្រជែង និងហ្វូងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំមកចូលរួមការប្រកួត។ ការប្រកួតឆ្នាំនេះ មានអ្នកចូលរួមប្រកួតដល់ទៅ ៣៤០០នាក់ ខណៈអ្នកចូលរួមទស្សនាមានដល់ទៅជាង ២៦ម៉ឺននាក់ឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង