
FIFA បានកាត់បន្ថយតម្លៃសំបុត្រចូលទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ឆ្នាំ ២០២៥ រវាង Chelsea និង Fluminense ក្នុងគោលបំណងទាក់ទាញអ្នកគាំទ្រ មកបំពេញកៅអីដែលសល់ទំនេរច្រើននៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey។
តម្លៃសំបុត្រស្តង់ដារសម្រាប់ការប្រកួតនេះបានធ្លាក់តម្លៃដល់ទៅ៣៥ដងគឺពីតម្លៃដើម ៤៧៣,៩ ដុល្លារ មកត្រឹមតែ១៣,៤ដុល្លារតែប៉ុណ្ណោះ ថោកជាងស្រាបៀរមួយកែវតម្លៃ១៤ដុល្លារដែលដាក់លក់នាតំបន់ប្រកួតទៀត។ ចំពោះតម្លៃសំបុត្រសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងម្ចាស់ជើងឯក UEFA Champions League គឺក្រុមបារាំង Paris Saint-Germain ទល់និងក្រុមអេស្ប៉ាញ Real Madrid នៅមានតម្លៃខ្ពស់ដដែល ប្រមាណ ១៩៩,៦ ដុល្លារ ។
ទោះបីជាមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តែការប្រកួតវគ្គចែកពូលជាច្រើននៃ Club World Cup 2025 បានបង្ហាញពីកៅអីទំនេរគ្មានអ្នកចូលស្សនារាប់ពាន់កន្លែង។ ជាការឆ្លើយតប FIFA បានអនុវត្តយុទ្ធសាស្រ្តកំណត់តម្លៃសំបុត្រថ្មី ដែលមានការប្រែប្រួលយ៉ាងខ្លាំង ។ តួយ៉ាង តម្លៃសំបុត្រដើម កាលពីការប្រកួតវគ្គ ៨ក្រុមរបស់ Chelsea ទល់នឹង Palmeiras គឺមានតម្លៃខ្ពស់ ប៉ុន្តែក្រោយមកបានធ្លាក់ចុះមកត្រឹម១១,១៥ដុល្លារ។ ចំណាត់ការនេះក៏ធ្វើឡើងទៅលើការប្រកួតរវាង Fluminense និង Al Hilal ដែរ។ មានតែគ្រប់ការប្រកួតរបស់ក្រុម Real Madrid ប៉ុណ្ណោះ បានក្លាយជាករណីលើកលែង ដោយវាបានទាក់ទាញមនុស្សច្រើនជាង ៦ម៉ឺននាក់ ។
គួរអោយកត់សំគាល់ អ្នកទស្សនា ៧ម៉ឺន ៦ពាន់នាក់ បានចូលទស្សនាការប្រកួតឈ្នះ ៣-២ នៅវគ្គ៨ក្រុមចុងក្រោយ របស់ Real Madrid ទៅលើក្រុម Borussia Dortmund នៅកីឡដ្ឋាន MetLife ។
កីឡដ្ឋាន MetLife បានរៀបចំការប្រកួត Club World Cup 2025 ចំនួន ៥ លើកមកទល់ពេលនេះ ជាមួយនឹងចំនួនអ្នកគាំទ្រចូលរួមទស្សនាខុសៗគ្នា។ ក្រៅពីការប្រកួតរបស់ Real Madrid ទល់នឹង Dortmund ការប្រកួតគូផ្សេងទៀតនៅមានកម្រិតទាបជាងការរំពឹងទុក ដូចជាការប្រកួតរវាង Palmeiras ទល់ Al Ahly មានអ្នកគាំទ្រជាង ៣ម៉ឺន ៥ពាន់នាក់ ខណៈការប្រកួតរវាង Porto ទល់ Al Ahly មានជាង ៣ម៉ឺន ៩ពាន់នាក់ ការប្រកួតរវាង Fluminense ទល់ Dortmund មានជាង ៣ម៉ឺន ៤ពាន់នាក់ និងការប្រកួតរវាង Fluminense ទល់ Ulsan Hyundai មានអ្នកគាំទ្រតែជាង ២ម៉ឺន ៩ពាន់នាក់។
លទ្ធផលនេះ FIFA បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងដើម្បីបង្ហាញពីលទ្ធភាពយូរអង្វែងនៃការប្រកួត Club World Cup ដល់ម្ចាស់ឧបត្ថម្ភ និងអ្នកទិញសិទ្ធផ្សព្វផ្សាយ។ យ៉ាងណា ប្រធាន FIFA លោក Gianni Infantino ប្តេជ្ញារក្សាការប្រកួតនេះនៅលើប្រតិទិនបាល់ទាត់ពិភពលោក។ ដើម្បីគាំទ្រមហិច្ឆតា FIFA បានវិនិយោគយ៉ាងច្រើនក្នុងការផ្សព្វផ្សាយ ជាពិសេសនៅសហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថានឹងអនុវត្តយុទ្ធសាស្ត្រកំណត់តម្លៃដូចគ្នាក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលមានសហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕