×

អ្នកប្រដាល់ Julio Cesar Chavez Jr ប្រឈមនឹងការបណ្តេញចេញពីអាមេរិក ក្រោយពាក់ព័ន្ធនឹងការជួញដូរអាវុធ និង មនុស្ស

អ្នកប្រដាល់ដ៏ល្បីសញ្ជាតិម៉ិកស៊ិក Julio Cesar Chavez Jr ប្រឈមនឹងការបណ្តេញពីអាមេរិក ក្រោយត្រូវបានមន្ត្រីប៉ូលិសអន្តោប្រវេសន៍អាមេរិកចាប់ខ្លួន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ និងជួញដូរមនុស្ស។

Chavez Jr ត្រូវបានប៉ូលិសអន្តោប្រវេសន៍ និងគយ អាមេរិក ចាប់ខ្លួន ក្នុងទីក្រុង Los Angeles ក្រោយអាជ្ញាធរតំបន់រកឃើញថា រូបគេស្នាក់នៅអាមេរិក ដោយខុសច្បាប់។ មន្រ្តីសន្តិសុខជាតិអាមេរិក អះអាងបន្ថែមថា Chavez Jr បានចូលទឹកដីអាមេរិក កាលពីឆ្នាំ២០២៣ ដោយប្រើទិដ្ឋាការទេសចរ ហើយវាបានផុតកំណត់ តាំងពីខែកុម្ភៈ ឆ្នាំ២០២៤មកម្ល៉េះ។

ក្រោយការចាប់ខ្លួន Julio Cesar Chavez Jr ការិយាល័យរដ្ឋអាជ្ញាសាធារណៈម៉ិកស៊ិក បានប្រកាសថាកីឡាកររូបនេះ ជាឧក្រិដ្ឋជនដ៏សកម្មក្នុងប្រទេសម៉ិកស៊ិក ហើយមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ជួញដូរអាវុធ គ្រាប់រំសេវ ជាតិផ្ទុះ និងការជួញដូរមនុស្ស។

អាជ្ញាធរអាមេរិក បានជូនដំណឹងទៅអាជ្ញាធរម៉ិកស៊ិក ចំពោះការចាប់ផ្តើមនីតិវិធីបញ្ជូនឧក្រិដ្ឋជនទៅប្រទេសកំណើតវិញ។ ជុំវិញបញ្ហានេះ អាជ្ញាធរម៉ិកស៊ិក ក៏ជឿជាក់ថា កីឡាករប្រដាល់ Chavez Jr មានជាប់ពាក់ព័ន្ធជាមួយក្រុម Sinaloa Cartel ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ធំទី៦ នៅម៉ិកស៊ិក ។

ការចាប់ខ្លួន Chavez Jr ក៏ធ្វើឡើងក្រោយរូបគេបានប្រកួតចាញ់អ្នកប្រដាល់វ័យក្មេង២៧ឆ្នាំ Jake Paul ជាតារាយូធូប ប្រែក្លាយជាអ្នកប្រដាល់។ ការប្រកួតរបស់កីឡាករទាំងពីរ ធ្វើឡើងក្នុងសង្វៀន Honda Center ទីក្រុង Anaheim រដ្ឋ California ដោយមានមនុស្សចូលទស្សនាពេញទីតាំងប្រកួត។

កីឡាករវ័យ៣៩ឆ្នាំ ជាអតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក WBC Middleweight កាលពីឆ្នាំ ២០១១ ហើយជោគជ័យក្នុងការការពារបានចំនួន ៣លើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង