×
ព័ត៌មានថ្មី

គ្រូ Paris St Germain បង្ហាញភាពរីករាយក្រោយទម្លាក់ Real Madrid នៅ FIFA Club World Cup 2025

ក្រុមបារាំង Paris St Germain បានបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup 2025 តាមរយៈការយកឈ្នះក្រុមជើងខ្លាំងអេស្ប៉ាញ Real Madrid ដោយលទ្ធផល ៤-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន MetLife Stadium មានអ្នកគាំទ្រចូលរួមច្រើនកុះករប្រមាណ ៧ម៉ឺន ៧ពាន់នាក់។ ការប្រកួតចាប់ផ្តើម ប្រមាណ ៦នាទី Fabián Ruiz បានរកគ្រាប់បាល់បើកឆាក សម្រាប់ Paris St Germain មុនពេល Ousmane Dembele បន្ថែមគ្រាប់ទី២ ហើយ Fabián Ruiz រកបានគ្រាប់ទី៣ សម្រាប់ក្រុមមកពីបារាំងមុនចប់វគ្គទី១។

ចូលដល់វគ្គទី២ Real Madrid បានព្យាយាមវាយបកទៅវិញ ប៉ុន្តែមិនបានផល ហើយនៅតែត្រូវបាន Paris St Germain គ្របសង្កត់វិញដដែល។ ការប្រកួតបន្តរហូតដល់នាទី៨៧ Goncalo Ramos ក៏បានរកគ្រាប់បាល់បន្ថែមទៀត សម្រាប់ Paris St Germain ដើម្បីរក្សាជ័យជំនះបានសម្រេច។

ជាមួយនឹងការឈ្នះនេះ បានធ្វើអោយគ្រូបង្វឹក Paris St Germain លោក Luis Enrique មានភាពសប្បាយចិត្ត និងថាកូនក្រុមបានធ្វើតាមការចង់បានរបស់ខ្លួន។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងក្រោយចប់ការប្រកួតថា “ ខ្ញុំមានអារម្មណ៍ថា អស្ចារ្យណាស់។ យើងបានចាប់ផ្តើមការប្រកួតបានល្អ ហើយខ្ញុំពេញចិត្តជាមួយនឹងអ្វីដែលកូនក្រុមបានបង្ហាញចេញមក។ ជាមួយនឹងលក្ខខណ្ឌនេះ យើងហាក់ដូចជាក្រុមដែលពិសេសមួយ នៅ FIFA Club World Cup 2025។”

សម្រាប់ជ័យជំនះនេះ Paris St Germain នឹងបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 ជួបជាមួយ ក្រុមអង់គ្លេស Chelsea ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ នាកីឡដ្ឋាន MetLife Stadium ដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង