×
ព័ត៌មានថ្មី

លទ្ធផលចាញ់កូរ៉េខាងត្បូង ធ្វើឲ្យអនាគតរបស់ Pochettino នៅក្រុមជម្រើសជាតិអាមេរិកមានភាពស្រពេចស្រពិល

លោក​ Mauricio Pochettino បានដឹកនាំក្រុមជម្រើសជាតិអាមេរិកចាញ់កូរ៉េខាងត្បូងក្នុងលទ្ធផល 2-0 ក្នុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Red Bull Arena ក្នុងរដ្ឋ New Jersey។

លទ្ធផលនេះ​​​ ធ្វើឲ្យ​មានភាពស្រពេចស្រពិលចំពោះកៅអីគ្រូបង្វឹករបស់ Pochettino ​ខណ:នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ព្រឹត្តិការណ៍ World Cup នឹងត្រូវលេង​នៅ​លើទឹក​ដី​សហអាមេរិកហើយ។

គ្រាប់​បាល់​​ ២គ្រាប់ពី Son និង Dong-Gyeong Lee ក្នុង​តង់​ទី​មួយ​ ល្មម​គ្រប់គ្រាន់​សម្រាប់​កូរ៉េ​ យកឈ្នះលើ​សហរដ្ឋ​អាមេរិក ដែល​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​ក៏​បានចាញ់​ម៉ិកស៊ិក នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Gold Cup និង ចាញ់​ Panama ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ CONCACAF Nations League ផងដែរ ។

បច្ចុប្បន្ន Pochettino កំពុងតែឈឺក្បាល ជាមួយនឹងលទ្ធផលចាញ់ជាប់ៗគ្នានេះ​ ព្រោះលោកត្រូវមានភារកិច្ចសំខាន់​ គឺធ្វើយ៉ាងណាធានាឲ្យបាននូវទម្រង់ដ៏ល្អមួយនៅក្នុងព្រឹត្តិការណ៍​ World Cup ខាងមុខនេះ ដែលអាមេរិកនឹងត្រូវធ្វើជាសហម្ចាស់ផ្ទះ រួមជាមួយនឹងម៉ិកស៊ិក និងកាណាដា។

ការចាញ់កូរ៉េខាងត្បូង​គឺជាលទ្ធផល ដែលធ្វើឲ្យហ្វេនខកចិត្តជាខ្លាំង។ យ៉ាងណាមិញ​ សហរដ្ឋអាមេរិកនៅមានការប្រកួតមិត្តភាពមួយទៀតទល់នឹងជប៉ុននៅថ្ងៃពុធនេះ ដែល ជាឱកាសដើម្បីកែប្រែទម្រង់ក្រុមឡើងវិញឲ្យបានល្អ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង