×

Paris Saint-Germain ខឹងនឹងសហព័ន្ធបាល់ទាត់បារាំង ដែលប្រើប្រាស់កីឡាករបស់ខ្លួន រហូតដល់មានរបួស

Paris Saint-Germain ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីកីឡាករសំខាន់ ២រូបរបស់ពួកគេគឺ Ousmane Dembélé និង Désiré Doué រងរបួសក្នុងអំឡុងការប្រកួតឱ្យក្រុមជម្រើសជាតិ។ ទាក់ទងនឹងរឿងនេះ ក្រុមគ្រូពេទ្យរបស់ PSG បានប្រាប់ដល់សហព័ន្ធបាល់ទាត់បារាំង (FFF) អំពីស្ថានភាពសុខភាពរបស់កីឡាករទាំងពីរ ហើយបានណែនាំឱ្យដាក់ពួកគេលេងដោយប្រុងប្រយ័ត្នតាំងពីមុនពួកគេទៅចូលរួមក្រុមជម្រើសជាតិម្ល៉េះ។

ទោះបីជាយ៉ាងណា កីឡាករទាំង​២​ ត្រូវបានដាក់លេងក្នុងការប្រកួតឱ្យក្រុមជាតិបារាំង រហូតដល់មានបញ្ហារបួស ដែលនាំឱ្យពួកគេត្រូវអវត្តមានមុនការប្រកួតសំខាន់ៗ រួមទាំងការប្រកួតបើកឆាកនៅក្នុងក្របខណ្ឌ UEFA Champions League​​ របស់ PSG។

បញ្ហានេះ បានធ្វើឱ្យ PSG ចេញមុខរិះគន់សហព័ន្ធបាល់ទាត់បារាំងដោយចោទប្រកាន់ថា មិនអើពើនឹងការណែនាំពីស្ថានភាពសុខភាពរបស់កីឡាករ និងដាក់ពួកគេលេងនៅក្នុងហានិភ័យដែលមិនចាំបាច់។
នេះមិនមែនជាលើកដំបូងទេ ដែលមានភាពតានតឹងរវាងក្លឹប និងសហព័ន្ធបាល់ទាត់បារាំងពីព្រោះថា​ ក្លឹបធំៗនៅអឺរ៉ុបជាញឹកញាប់មានអារម្មណ៍ថា កីឡាកររបស់ពួកគេត្រូវបានដាក់ឱ្យលេងច្រើនខ្លាំងក្នុងអំឡុងការប្រកួតក្រុមជម្រើសជាតិ។

របួសរបស់កីឡាករទំាង​២ ជាការប៉ះពាល់យ៉ាងខ្លាំងដល់ទម្រង់លេងរបស់គ្រូបង្វឹក លោក Luis Enrique ដែលរំពឹងចាំបាច់លើការលេងប្រកបដោយភាពច្នៃប្រឌិតរបស់ Dembélé នៅផ្នែកស្លាប និងទម្រង់លេងដែលកំពុងតែឡើងល្អរបស់ Doué នៅតំបន់បម្រើ ។

ចំពោះ PSG ពេលវេលានេះគឺមិនល្អសម្រាប់ពួកគេទេ។ ជាមួយនឹងការប្រកួតក្នុងស្រុកកំពុងតែតឹងតែង និងយុទ្ធនាការបាល់ទាត់ Champions League ទើបតែចាប់ផ្តើម ការខ្វះខាតកីឡាករទាំង២ បានបង្កើតបញ្ហាទាំងផ្នែកយុទ្ធសាស្ត្រ និងជម្រើស។ អ្នកគាំទ្រក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយខ្លាចថា ការប្រើប្រាស់កីឡាករច្រើនពេកដោយក្រុមជាតិនឹងធ្វើឱ្យក្តីសង្ឃឹមរបស់ក្លឹបក្នុងអឺរ៉ុបត្រូវបរាជ័យម្តងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង