×
ព័ត៌មានថ្មី

យុវជនសក្ដានុពលរបស់បិសាចក្រហមរូបនេះអវត្តមានពីការប្រកួតជាមួយក្រុមអាយុក្រោម ២១ ឆ្នាំព្រោះកៀកនឹងសម្រេចការផ្ទេររបស់គេទៅ អេមីរ៉ាតអារ៉ាប់រួម

ខ្សែប្រយុទ្ធវ័យក្មេង ២១ ឆ្នាំរបស់ក្រុមយុវជនបិសាចក្រហម Manchester United គឺ Sam Mather អវត្តមានការប្រកួតចុងក្រោយជាមួយ U21 ដោយមានដំណឹងមកថារូបគេកាន់តែកៀកនឹងផ្ទេរទៅកាន់លីគនៅតំបន់អារ៉ាប់ ។

តាមការចេញផ្សាយរបស់អ្នកការសែត BBC លោក Simon Stone បានឲ្យដឹងថា Mather បានយល់ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបដែលមិនបញ្ចេញឈ្មោះនៅលីគ អេមីរ៉ាតអារ៉ាប់រួម មួយដើម្បីសម្រេចការផ្ទេររបស់គេក្នុងពេលឆាប់ៗនេះ ខណៈរបាយការណ៍ពី Manchester Evening News បានបង្ហើបថា Mather ចង់ស្វែងរកនាទីលេងកាន់តែច្រើន ជាបទពិសោធន៍ក្នុងក្រុមធំក្រោយចាយពេលជាង ១៥ ឆ្នាំជាមួយបិសាចក្រហម ។

ថ្មីៗនេះរូបគេក៏កៀកនឹងផ្ទេរទៅកាន់លីគទួកគីនៅ Kayserispor ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករទៅហើយ តែត្រូវបរាជ័យព្រោះថ្នាក់លើបិសាចក្រហមយល់ថាក្លិបមិនមានពេលគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរឯកសារទាន់ពេលវេលា ។

គួររំលឹកថា Mather បានចូលរួមជាមួយ United Academy នៅឆ្នាំ ២០១០ និងបានចុះកុងត្រាលក្ខណៈអាជីពរបស់គេជាមួយ United នៅខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ និងធ្លាប់បានចូលរួមជាមួយ Rochdale លើលក្ខខណ្ឌខ្ចីក្នុងរដូវកាល ២០២៣/២៤ មួយលើកផងដែរ និងបានចូលរួមជាមួយ Tranmere Rovers នៅរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីដូចគ្នា ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង