កាលពីថ្ងៃចន្ទម្សិលមិញ គណៈកម្មការកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក Los Angeles 2028 ហៅកាត់ (LA28) បាននិយាយថា ខ្លួនបានជ្រើសរើសក្រុមហ៊ុន Highland Electric Fleets ជាអ្នកផ្តល់សេវារថយន្តក្រុងអគ្គិសនីជាផ្លូវការសម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ 2028 ធ្វើជាដៃគូដែលនឹងត្រូវដាក់ពង្រាយឡានក្រុងធ្លាប់ដឹកសិស្ស 500 គ្រឿង ដើម្បីគាំទ្រដល់ប្រតិបត្តិការដឹកជញ្ជូន។
ជាជាងការទិញយានជំនិះថ្មី គណៈកម្មការLA28 គ្រោងនឹងរៀបចំឡើងវិញនូវរថយន្តក្រុងអគ្គិសនីពណ៌លឿងដែលយកចេញពីសង្កាត់នានាមកដឹកជញ្ជូនសមាសភាពពាក់ព័ន្ធនឹងការប្រកួត ដោយអ្នករៀបចំកម្មវិធីបាននិយាយថានេះជាវិធីសាស្ត្រមួយជួយកាត់បន្ថយការបំភាយឧស្ម័នពុលផង និងកាត់បន្ថយការចំណាយបានច្រើនផង។
ក្រុមហ៊ុន Highland Electric Fleets ដែលទទួលបានសិទ្ធិក្នុងការធ្វើប្រតិបតិ្តការដឹកជញ្ជូនក្នុងព្រឹត្តិការប្រកូតដ៏ធំ ពីគណៈកម្មការ LA28 បានផ្តល់ចំណាប់អារម្មណ៍ថា នេះជាលើកដំបូងបង្អស់ហើយដែលការប្រកួតដ៏ធំ បានយករថយន្តក្រុងអគ្គិសនីមកបម្រើដល់ការដឹកជញ្ជូនក្នុងពេលប្រកួត។
ក្រុមហ៊ុននឹងត្រួតពិនិត្យគ្រប់ប្រតិបត្តិការទាំងអស់ រួមមានការដឹកជញ្ជូនប្រចាំថ្ងៃ ការគិតប្រាក់ ការគ្រប់គ្រងឃ្លាំង និងជំនួយបច្ចេកទេសនៅនឹងកន្លែង នៅទូទាំងព្រឹត្តិការណ៍ទាំងមូល។
នាយកប្រតិបត្តិក្រុមហ៊ុន Highland Electric Fleets លោក Duncan McIntyre បានលើកឡើងថា ទាំងផ្នែកដឹកជញ្ជូន និងប្រតិបត្តិករនានា បានផ្តោតសំខាន់ទៅលើការសម្រួលភាពកកស្ទះ ដូច្នេះនឹងមានការដាក់ពង្រាយឧបករណ៍ជាច្រើនមានទាំង ឡានក្រុង ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកថ្ម បុគ្គលិកគ្រប់ផ្នែកតាមជំនាញ ចាំបំពេញតួនាទីជួយឱ្យបញ្ហាប្រឈមផ្នែកភ័ស្តុភារមានភាពរលូន ទាន់ពេលវេលា ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW898029092025RP1%3A5