×

កីឡាករ Joao Felix ដឹកនាំក្រុម Al Nassr យកឈ្នះក្រុម Al Zawraa ដោយពិន្ទុ 2-0 នៅឯការប្រកួត AFC Champions League Two

ដោយកីឡាករ Cristiano Ronaldo អវត្តមាន កីឡាករព័រទុយហ្កាល់មួយរូបទៀត គឺកីឡាករ Joao Felix បានលេចមុខមកបង្ហាញថ្វីជើង ជួយឱ្យក្រុមបាល់ទាត់ Al-Nassr យកឈ្នះក្រុម Al-Zawraa ដោយពិន្ទុ 2 -0 កាលពីថ្ងៃពុធម្សិលមិញ នៅក្នុងការប្រកួត AFC Champions League Two ។

ក្រោយពីការបិទបញ្ចប់តង់ទី១ដែលពុំមានគ្រាប់បាល់ស៊ុតបញ្ជូលទីទាល់តែសោះ បើទោះកីឡាករ Al-Zawraa មានឱកាសស៊ុតជាច្រើនដងប៉ុន្តែនៅមិនបានសម្រេច ស្រាប់តែនៅនាទីទី៥២ កីឡាករខ្សែកណ្តាលសញ្ជាតិ Saudi, Abdullah Al Khaibari បានជួយឱ្យក្រុម Al-Nassr នាំមុខ១គ្រាប់ ដោយការស៊ុតដ៏ខ្លាំងក្លា ក្រោយពីទទួលបាល់ឡងចេញពីខ្សែការពារគូបដិបក្ខ ដោយមួយគ្រាប់នេះត្រូវបានពណ៌នាថាជា “ការបាញ់គ្រាប់រ៉ុក្កែតបញ្ជូលទី” ។

បន្ទាប់មកនៅនាទីទី៨១ កីឡាករ Felix បានបន្ថែមគ្រាប់ទី២ឱ្យក្រុម Al-Nassr ដោយបច្ចេកទេសយ៉ាងល្អ ស៊ីនៅជ្រុងស្តាំផ្នែកខាងលើនៃហ្គូន ជាកន្លែងដែលអ្នកចាំទីពិបាកចាប់បាល់ជាទីបំផុត ។

ដោយសារអវត្តមានកីឡាករ Ronaldo មិនអាចធ្វើដំណើរមកកាន់ទីក្រុង Baghdad ក្រោយពីគ្រូបង្វឹក Jorge Jesus ដាក់ឱ្យគាត់សម្រាកនោះ បានបើកឱកាសឱ្យកីឡាករ Felix ឡើងជើងមកបង្កព្យុះភ្លៀង បើទោះកីឡាកររូបនេះជាជើងថ្មី ទើបនឹងចូលក្រុម Al-Nassr ដំណាលគ្នាជាមួយកីឡាករ Sadio Mane និងកីឡាករ Kingsley Coman ក៏ដោយក្តី ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW956701102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង