×

Paris Saint-Germain ត្រៀមច្រានចោលសំណើទិញ João Neves ពី Manchester City

Paris Saint-Germain ត្រៀមច្រានចោលសំណើពី Manchester City​ ដែលចង់បានកីឡាករជនជាតិព័រទុយហ្គាល់ João Neves ។ Neves គឺជាកីឡាករវ័យក្មេង កំពុងលេចធ្លោរខ្លាំងនៅអឺរ៉ុប ចាប់តាំងពីផ្ទេរពី Benfica​​ ទៅក្រុមអ្នកមានបារាំង PSG។

កីឡាករវ័យ 20ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ និងការយល់ដឹងអំពីយុទ្ធសាស្ត្រ ដែលត្រូវបានគេប្រៀបធៀបទៅនឹងខ្សែបម្រើឆ្នើមមួយចំនួននៅក្នុងពិភពលោក។

បច្ចុប្បន្ន Manchester City កំពុងស្វែងរកកីឡាករ ​ដើម្បីយកទៅជួយនៅក្នុងតំបន់បម្រើ ដោយសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូល PSG លក់ Neves ឱ្យពួកគេ។ ប៉ុន្តែ PSG ក៏មើលឃើញថា កីឡាករវ័យក្មេងរូបនេះ ជាតួអង្គសំខាន់ក្នុងគម្រោងរយៈពេលវែងរបស់ខ្លួន និងមិនមានបំណងលក់នោះទេ។

PSG ចង់រក្សាកីឡាករវ័យក្មេងមានទេពកោសល្យឱ្យនៅជាមួយពួកគេ និងរៀបចំក្រុមមួយដែលមានការប្រកួតប្រជែងខ្ពស់។ កន្លងមក PSG តែងតែត្រូវបានរិះគន់ដោយអ្នកគាំទ្រថា មិនអាចរក្សាទម្រង់លេងក្រុមឱ្យស្ថិរភាពរយៈពេលវែង​​ ដោយសារតែតែងតែរបូតកីឡាករវ័យក្មេង ឆ្នើមៗទៅកាន់ក្រុមគូបដិបក្ខដទៃ។ Neves ត្រូវបានក្រុមអ្នកមានបារាំងចាត់ទុកថា គឺជាកីឡាករសំខាន់នៅរាជកាលថ្មី ក្នុងចក្ខុវិស័យថ្មីក្រោមការដឹកនាំរបស់ Luis Enrique។

ដូច្នេះ Manchester City ប្រហែលជាត្រូវប្តូរទិសដៅទៅរកគោលដៅថ្មីណាមួយវិញ។ យ៉ាងណាមិញ​ លោក Pep Guardiola គឺជាអ្នកគាំទ្រខ្លាំងចំពោះ Neves ប៉ុន្តែការបដិសេធមិនលក់រូបគេរបស់ PSG បង្ហាញថា ក្រុមធំៗនៅអឺរ៉ុបកំពុងបង្កើនការប្រកួតប្រជែងខ្លាំងក្នុងការរក្សាកីឡាករដែលមានទេពកោសល្យ “សម្រាប់អនាគតរយ: ពេលវែង”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង