ដំណឹងដែលខ្សែការពារអន្តរជាតិអាហ្សង់ទីនវ័យ ២៧ ឆ្នាំ Lisandro Martínez ត្រឡប់មកកាន់ទីលានជាថ្មីម្ដងទៀតកាន់កៀកនឹងកើតឡើងជាផ្លូវការ ក្រោយអវត្តមានតាំងពីដើមខែកុម្ភៈឆ្នាំ ២០២៥ នេះដោយសារបញ្ហារបួសសសៃពួរ ។
យោងតាមការចេញផ្សាយពី The Sun បានឲ្យដឹងថាការសម្របខ្លួន និងការហ្វឹកហាត់កាយសម្បទារបស់ Martínez កាន់តែធ្វើបានល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយរូបគេនឹងអាចត្រឡប់មកជួយក្រុមវិញបានអំឡុងដើម ឬ ពាក់កណ្ដាលខែវិច្ឆកាខាងមុខនេះ ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ខណៈបច្ចុប្បន្នរូបគេកំពុងសម្រុកហ្វឹកហាត់ពង្រឹងកម្លាំងឡើងវិញ មុនចាប់ផ្ដើមធ្វើការហ្វឹកហាត់ផ្លូវការជាមួយមិត្តរួមក្រុមដ៏ទៃទៀត ។
គួររំលឹកថា Martínez ដែលបានផ្ទេរមក Old Trafford នៅខែកក្កដាឆ្នាំ ២០២២ កន្លងទៅបានបង្ហាញខ្លួនក្នុងឯកសណ្ឋានបិសាចក្រហមសរុប ៩១ ប្រកួតមកហើយ ហើយការត្រឡប់មកវិញរបស់ Martínez នឹងជួយលោក Amorim ឲ្យមានជម្រើសកាន់តែច្រើនបន្ថែមទៀតនៅក្នុងតំបន់ការពាររបស់ក្រុមនៅរដូវកាលនេះ ដើម្បីប្រកួតប្រជែងយកកៅអីលេងពានអ៉ឺរ៉ុបក្នុងរដូវកាលក្រោយ ៕