គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញលិខិតអនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាការប្រកួតដោយផ្ទាល់ចំនួនពាក់កណ្តាល (៥០%) នៃចំនួនកៅអីអង្គុយសរុប ក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់នានា សម្រាប់ការប្រកួតបាល់ទាត់ទាំងពីរកម្រិត។
ការអនុញ្ញាតនេះត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការឡើងវិញទូទាំងប្រទេសលើគ្រប់វិស័យទាំងអស់ ចាប់ពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ បើទោះបីជាការអនុញ្ញាតឱ្យចូលរួមទស្សនាដោយផ្ទាល់នូវចំនួន៥០ភាគរយ នៃកៅអីសរុបរបស់កីឡដ្ឋាននីមួយៗឡើងវិញក្តី ក៏គណៈកម្មការរៀបចំការប្រកួតនេះតម្រូវឱ្យអ្នកចូលរួមនានា អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវិធានការសុខាភិបាលផងដែរ។
អ្នកទស្សនា ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវវាស់កម្តៅ និងថែរក្សាអនាម័យ បាញ់សម្អាតដោយអាល់កុល ទើបអនុញ្ញាតឱ្យចូលក្នុងបរិវេណកីឡដ្ឋាន។ បន្ថែមលើនេះ ត្រូវអង្គុយរក្សាគម្លាត ១,៥ម៉ែត្រ និងពាក់ម៉ាសជាប់ជាប្រចាំ ហើយប្រសិនបើរកឃើញករណីវិជ្ជមានកូវីដ១៩ នៅក្នុងកីឡដ្ឋានណាមួយនោះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានឹងផ្អាកបណ្តោះអាសន្ននូវកីឡដ្ឋាននោះ រហូតដល់មានការសម្រេចជាថ្មី៕