ម្ចាស់ការពារដំណែងជើងឯកលីគកំពូលអ៊ីតាលីនៅរដូវកាលមុនគឺ SSC Napoli ត្រូវបានប្រភពក្នុងស្រុករាយការណ៍ថាមកថាក្លិបនៅតែមានបំណងចាប់ចិត្តនឹងខ្សែបម្រើអន្តរជាតិអង់គ្លេស Kobbie Mainoo របស់បិសាចក្រហមដដែលនៅពេលបច្ចុប្បន្ន ។
ប្រភពពី Gazzetta dello Sport បានឲ្យដឹងថា Mainoo វ័យ ២០ ឆ្នាំនៅតែជាគោលដៅ និងជាកីឡាករដែលអ្នកចាត់ការ Napoli លោក Antonio Conte សម្លឹងឃើញរូបគេដដែល ហើយអាចនឹងឲ្យក្លិបចរចាយករូបគេជាថ្មីម្ដងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ ប្រសិនបើ United យល់ព្រមបើកទ្វារឲ្យ Mainoo ចាកចេញលើលក្ខខណ្ឌខ្ចីត្រឹមតែ ៦ ខែដោយមិនរួមបញ្ចូលលក្ខណ្ឌនៃការតម្រូវឲ្យទិញផ្ដាច់នៅចប់រដូវកាល ។
ទាក់ទងនឹងអនាគតនៅ Old Trafford, Mainoo ក៏ត្រូវបានគេបង្ហើបថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Napoli រួចរាល់ម្ដងដែរនៅខែកក្កដាកន្លងទៅ ប៉ុន្តែទាំងក្លិប និងអ្នកចាត់ការលោក Ruben Amorim សម្រេចរក្សារូបគេ និងមិនព្រមលក់ចេញឡើយរហូតដល់ថ្ងៃចុងក្រោយដែលទីផ្សារដោះដូរកីឡាករបានបិទ ៕